ភ្នំពេញ៖ កម្លាំសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់សារធាតុញៀន បានមនុស្សប្រុសស្រីចំនួន៧០នាក់ បន្ទាប់ពីពួកគេនាំគ្នាចូលទៅកម្សាន្ត នៅក្នុងមណ្ឌលកំសាន្តក្លឹបមួយកន្លែងយីហោ“ផ្លាយ FLY” នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធករណីគ្រឿងញៀន ។
មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ទីតាំងមណ្ឌលកំសាន្តក្លឹបយីហោ “ផ្លាយ FLY”ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បេីកប្រតិបត្តិការ ទ្រុងទ្រាយធំ ឡោមព័ទ្ធ ដោយឆ្មក់ចូលចុះបង្ក្រាប ឈានដល់ឃាត់ខ្លួន បានមនុស្សប្រុសស្រីជាង៧០នាក់ ដកហូតថ្នាំញៀន ជាច្រេីនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួនធំទៀត។
សមត្ថកិច្ចបន្តថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងនេះ ធ្វេីឡេីងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មុនឈានដល់ការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបានដឹងច្បាស់ថាទីតាំង មណ្ឌលកម្សាន្ត “ផ្លាយ FLY” មានប្រើប្រាស់ថ្នាំក្រវី និងសារធាតុញៀន តាមបន្ទប់នីមួយៗ (មានសារធាតុញៀន គ្រាប់ មានម៉្សៅ -ល-) និងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ចំនួន៧០នាក់ រួមមាន៖ បុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រេីនកញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ជាវត្ថុតាង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
បច្ចប្បន្ន មនុស្សប្រុសស្រីចំនួន៧០នាក់ (ក្នុងនោះមានទាំងបុគ្គលិក១៨នាក់ ) និងវត្ថុតាងត្រូវបាននគរបាល នាំយកមករក្សារទុក និងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម រក សារធាតុញៀន និងបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ធ្វើកំណត់ហេតុស្តាប់ចម្លើយ ដេីម្បីកសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ