ភ្នំពេញ៖ លោកស្រី ហេង សុខគង់ ភរិយារបស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញមុខបដិសេធ ភ្លាមៗ ព្រមទាំង ព្រមានប្តឹង Facebook មួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ដែលបានយករូបលោកស្រីទៅប្រើប្រាស់ក្នុង Profile បង្ហោះព័ត៌មានបំភ្លៃការពិត បណ្តាលឱ្យមានការភាន់ច្រឡំដល់សាធារណជនរឿង ថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ ។
ការព្រមានប្តឹងនេះ បានធ្វើឡើង កាលពី ថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពី Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» បានលួចយករូបថតរបស់លោកស្រី ទៅដាក់នៅលើ Profile ហើយថែមទាំងបានបង្ហោះព័ត៌មានប្រជាភិថុត រូបភាពកាត់តខុសការពិត និងមាននិន្នាការលំអៀងទៅរកអតីតគណបក្សប្រឆាំងជាដើម ពិសេស ចុងក្រោយនេះ Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ។
លោកស្រីបានបញ្ជាក់ថា៖ «នាងខ្ញុំសូមបដិសេធយ៉ាងដាច់អហង្កា (ជាលើកទី២) មិនទទួលខុសត្រូវចំពោះសកម្មភាពការ Post ឬសរសេរខ្លឹមសារផ្សេងៗ របស់គណនីខាងលើនេះ ដែលធ្វើឲ្យមានការភាន់ច្រឡំជាមួយនឹងអាខោនពិត របស់នាងខ្ញុំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារយើងខ្ញុំផងដែរ ហើយជាក់ស្តែងអាខោនខាងលើនេះ នៅតែបន្តយករូបនាងខ្ញុំដាក់លើ Profile របស់ខ្លួនរហូតមក»។លោកស្រីបានទាមទារឱ្យ Facebook ដែលមានឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ត្រូវលុបរូបថតរបស់លោកស្រីចេញពី Account Facebook នេះឱ្យអស់ជាបន្ទាន់។ លោកស្រីនឹងបន្តដាក់ពាក្យប្តឹងទៅ ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីពិនិត្យស្រាវជ្រាវ រកជនបង្កខាងលើ មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ដោយឡែក នៅថ្ងៃដដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវ Page មួយដែលមានឈ្មោះ “ព័ត៌មានពិត ពីកម្ពុជា” ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ។
លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុង Page នោះគឺក្នុងគោលបំណងបង្ករឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយនាយកដ្ឋានបាននឹងកំពុងចាត់វិធានការស្រាវជ្រាវអំពី Page នេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា