ព័ត៌មានទាន់ហេតុការណ៍៖

គ្លីនិកឯកជនមួយឈ្មោះខេមរៈអង្គររងការចោទថា គ្រូពេទ្យ គ្មានឯកទេសគ្រប់គ្រាន់

ចែករំលែក៖

ខេត្តសៀមរាប៖ គ្លីនិកឯកជនមួយឈ្មោះខេមរៈអង្គររងការចោទថា គ្រូពេទ្យ គ្មានឯកទេសគ្រប់គ្រាន់ ព្យាបាលមន្ត្រីក្រុមប្រឹក្សាឃុំល្វាម្នាក់ស្លាប់ខណៈ ជនរងគ្រោះឈឺពោះហើយគ្រូពេទ្យដាក់សេរ៉ូម ។ ហេតុការណ៍នេះ បាន កើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងមន្ទីរសម្រាកព្យាបាលឈ្មោះខេមរៈអង្គរ ដែលមានទីតាំងរ៉បផ្លូវជាតិលេខ០៦ ក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស រ័ត្ន អាយុ៤៦ឆ្នាំ ជាមន្ត្រីក្រុមប្រឹក្សាឃុំល្វានៃស្រុកពួក ។ ចំណែកប្រពន្ធ ឈ្មោះ សួង សែម ជាស្មៀនឃុំ បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃកើតហេតុ ប្តីរបស់គាត់មានសុខភាពល្អ និងបានទៅធ្វើការជាធម្មតា ។ លុះអំឡុងម៉ោងជាង១១ព្រឹក ក៏មានអាការៈឈឺពោះហើយដោយការឈឺនោះហាក់ខ្លាំងទៅៗរូបគាត់ ( ប្រពន្ធ ) បានដឹកទៅពេទ្យខាងលើ ។ ភ្លាមៗពេទ្យបានពិនិត្យហើយឆ្លើយថាមិនទាន់ដឹងកើតអីនោះទេ ជាមួយនឹងចម្លើយបែបនេះគ្រូពេទ្យបានដាក់សេរ៉ូមដបតូចមួយលុះសេរ៉ូមជិត អស់ប្តីរបស់គាត់ទន់ដៃជើងសន្លប់ទើបគាត់សុំឲ្យជួយដឹកទៅកាន់ពេទ្យបង្អែកខេត្ត ។ ប៉ុន្តែអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅទីនោះ មុនពេលបញ្ជូនទៅទីរួមខេត្តបាត់ទៅហើយ ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ​បានបន្តថា ពេទ្យឯកជនភាគច្រើនគ្រូពេទ្យគ្មានលក្ខណៈគ្រប់គ្រាន់គ្មានអ្នកឯកទេសនោះឡើយព្យាបាលចម្រុះ ជំងឺអ្វីក៏ដាក់សេរ៉ូមដែរ ខុសពីគ្រូពេទ្យរបស់រដ្ឋ ។ ករណីនេះអ្នកស្រីមិនបានប្តឹងផ្តល់វែងឆ្ងាយព្រោះខ្ចិលចុះឡើងខាតពេល ។

លោកវេជ្ជបណ្ឌិត ឯម សុខុម បានអោយដឹងថាអ្នកជំងឺមិនមែនឈឺពោះនោះទេ គឺឈឺដើមទ្រូង ដោយសារគាត់មានជំងឺស្ទះសសៃរឈាមបេះដូងធ្វើអោយគាត់ចុកដើមទ្រូងយ៉ាងខ្លាំង ចំណែកការព្យាបាលមុនពេលព្យាបាល លោក បានធ្វើលិខិតសន្យាជាមួយប្រពន្ធជនរងគ្រោះរួចហើយក្រែងមានគ្រោះថ្នាក់ណាមួយ! ឯសេរ៉ូនោះគ្រាន់ជាថ្នាំបំបាត់ការឈឺចាប់តែប៉ុណ្ណោះ ។ នៅថ្ងៃដដែលលោកវេជ្ជបណ្ឌិត ឯម សុខុម អ្នកទទួលខុសត្រូវឬថៅកែ គ្លីនិកឯកជន ខេមរអង្គរ មិនបានចុះមកបកស្រាយពន្យល់នោះទេ ទោះបីក្រុមអ្នកកាសែតបានចូលទៅរង់ចាំជួបដល់គ្លីនិកក៏ដោយគឺ ទទួលបានពីក្រុមមន្ត្រីពេទ្យត្រឹមតែពាក្យថាឲ្យរង់ចាំ ។

ជាមួយគ្នានេះ មន្ត្រីនគរបាលប្រឆាំងបទល្មើសម្នាក់បានលើកឡើងថា រូបគាត់ធ្លាប់ចុះបង្ក្រាប និងឆែកឆេរតាមបណ្តាគ្លីនិកពេលកន្លងមកគឺ តែងជួបស្ទើរគ្រប់គ្លីនិកទៅហើយវេជ្ជបណ្ឌិតអ្នកឈរឈ្មោះបើកអាជីវកម្មប៉ុន្តែអ្នកនៅព្យាបាលជំងឺជាប្រចាំត្រឹមតែមន្ត្រីពេទ្យធម្មតាប៉ុណ្ណោះ ។ ហេតុដូច្នេះហើយអ្នកជំងឺតែងជួបគ្រោះថ្នាក់គឺដោយសារហេតុផលដូចខាងលើយ៉ាងចឹង ។

ក្នុងករណីនេះលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានបញ្ជាក់ថា រាល់បណ្តាគ្លីនិកឯកជនតាមស្រុកមិនស្ថិត ក្រោមការគ្រប់គ្រងរបស់មន្ទីរទេគឺស្រុកជាអ្នកគ្រប់គ្រង និងចេញអាជ្ញាប័ ណ្ណ ។ ចឹងរឿងអាជីវកម្មមានច្បាប់ឬអត់ច្បាប់គឺស្ថិតនៅលើអាជ្ញាធរ ស្រុក ។ សមត្ថកិច្ចជំនាញម្នាក់បានឲ្យដឹងថាក្នុងករណីនេះ លោកនឹងដាក់ឲ្យ សមត្ថកិច្ចតាមដាន និងស្រាវជ្រាវករណីខាងលើនេះឲ្យបានច្បាស់លាស់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖