ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ប៊ែលធី បានប្រារព្ធពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ សាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ) ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏ជាទីតាំងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ផងដែរ ដែលបានសាងសងរួចរាល់ប្រមាណ ៧០%ហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។
អគារសាលា ប៊ែលធី អន្តរជាតិទី២០នេះ មានកម្ពស់ ៥ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមានបន្ទប់សិក្សា ៧៥បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀនប្រមាណជាង ១,០០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន ៥ ដូចសាខាដ៏ទៃដែរ៖
១- ថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់ទី១ដល់ទី១២
៣- កម្មវិធីគណនាលេខរហ័ស IMA
២- ថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីPreschoolដល់Level12
៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រឡងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៨-កម្មវិធីកីឡា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ដោយមានការគាំទ្រពីមាតាបិតាសិស្សនេះហើយ ទើបធ្វើឱ្យប៊ែលធី មានលទ្ធភាពពង្រីកទីតាំងជាបន្តបន្ទាប់ ក្នុងនោះសាលាក៏កំពុងសាងសង់សាខាទី២១ (ផ្សារឈូកមាស) គ្រោងនឹងបើកដំណើរការនៅក្នុងខែឧសភា, សាខាទី២២ (រង្វង់មូលកួរស្រូវ) គ្រោងនឹងបើកដំណើរការនៅក្នុងខែកញ្ញា ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ ផ្លូវជាតិលេខ៣) ចាប់ពីថ្ងៃនេះតទៅ ៕ អរុណរះ