ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នានៅមុខផ្ទះហ្គេមបាញ់ត្រី ព្រោះខឹងរឿងលក់គ្រឿងញៀនក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ទីតាំងហ្គេមបាញ់ត្រី និងអ៊ីនធឺណេត២៤ម៉ោង ក្នុងរាជធានីភ្នំពេញជាច្រើនកន្លែង ភាគច្រើនគឺជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម និងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងផងដែរ ។

ជាក់ស្តែងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ បើកហ្គេមបាញ់ត្រីបាញ់ត្រី និងអ៊ីនធឺណេតមួយកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់  ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាដូចខ្សែភាពយន្ថហុងកុង ព្រោះតែខឹងរឿងលក់គ្រឿងញៀនក្លែងក្លាយឲ្យពួកគេ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនោះ មានគ្នាប៉ុន្មាននាក់ ហើយមកពីណានោះទេ ស្រាប់តែលឺសំឡេងពួកគេឈ្លោះប្រកែកគ្នានៅមុខផ្ទះកើតហេតុ ដោយភាគីមួយក្រុមបានស្រែកថាឲ្យមួយក្រុមទៀថា ម៉េចបានជាលក់គ្រឿងញៀនក្លែងក្លាយឱ្យពួកគេ ។

ប្រភពដដែលបន្តថា ពេលនោះក៏កើតជាជម្លោះវាយតប់គ្នាប្រសាចពេញផ្លូវពេញដងផ្លូវតែម្តង ធ្វើឲ្យប្រជាពលរដ្ឋភ័យតក់ស្លុតព្រលឹងចុងសក់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យដឹកនាំកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចុះមកបង្ក្រាបភ្លាមៗ ធ្វើឲ្យក្រុមយុវជនទំនើងភ័យស្លន់ស្លោបានរត់គេចខ្លួនចូលក្នុងផ្ទះហ្គេមបាញ់ត្រីបាញ់ត្រី និងណេតបាត់ តែក៏ត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន6នាក់ រួចដកហូតបានកាំភ្លើងខ្លីមួយដើម ក្រោយមកក៏នាំមកកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីធ្វើកំណត់ហេតុ និងសាកសួរនាំរកម្ចាស់កាំភ្លើង ។

ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នកំពុងសាកសួរនាំនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖