ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ត្រូវបានជនសង្ស័យចាប់រិតកសម្លាប់ក្នុងព្រៃក្បែរផ្លូវចូលចំការរួចគេចខ្លួនបាត

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីឃាតកម្មរិតកនឹងក្រមាបណ្ដាលឲ្យស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៦និង ៣០ នាទី ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ជនរងគ្រោះឈ្មោះ ឃាក ឆិល ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះ ធន សុថា ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរលក់ដូរ (ត្រូវជាប្ដី)នៅភូមិឃុំជាមួយបានបំភ្លឺថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១ ពេលគាត់កំពុងដាំបាយ ស្រាប់តែប្រពន្ធគាត់ត្រឡប់មកពីលក់ឥវ៉ាន់នៅសាលាបឋមសិក្សាអូរខ្សង់វិញ ហើយនិយាយថា កូនក្ដៅខ្លួន ក៏ទាញម៉ូតូជិះសំដៅទៅទិសខាងត្បូងបាត់ទៅ ពេលនោះ គាត់មិនបានសួរនាំទេ ដោយគិតថា ប្រពន្ធទៅទិញថ្នាំពេទ្យឲ្យកូន លុះដល់ម៉ោងប្រហែល១៥ ថ្ងៃដដែល ដោយបាត់ប្រពន្ធយូរពេក គាត់ក៏តេទូរស័ព្ទចូលតែមិនមានអ្នកលើក គាត់ក៏ព្យាយាមទៀត រហូតដល់ម៉ោង២៣ ថ្ងៃដដែល ក៏ឈប់តេរក ។

ប្រភពបន្តថា លុះព្រឹកឡើងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ គាត់ក៏ព្យាយាមតេទូរស័ព្ទទៀត ក៏នៅតែមិនមានអ្នកលើក គាត់ក៏បានទៅរាយការណ៍ជូនលោកមេភូមិអូរខ្សង់ ពេលនោះមេភូមិប្រាប់ថា ចាំ ២-៣ថ្ងៃទៀតមើល ក្រែងវា(ជនរងគ្រោះ)មកវិញ បើមិនមក ចាំរាយការណ៍ជូនមេប៉ុស្ដិ៍សាគ្រាម ។

គាត់(ប្តី)នៅតែព្យាយាមតេទូរស័ព្ទរកប្រពន្ធ ក៏នៅតែមិនលើកលុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល៩ព្រឹក លោកមេភូមិបានមកជួបខ្ញុំហើយប្រាប់ថា ចាំកូនខ្ញុំចេញពីរៀន ឲ្យមកថតរូបបង្ហោះដើម្បីស្វែងរកប្រពន្ធ លុះដល់វេលាម៉ោងប្រហែល១៧ ស្រាប់តែមានអ្នកភូមិជាមួយ មកប្រាប់ថា៖ បង ប្រពន្ធបងគេរកឃើញហើយ តែគាត់បានស្លាប់បាត់ហើយ នៅឯតំបន់យាយផ្កាយ ឃុំក្រយាឯណោះ ។ លឺដូចនោះ គាត់ក៏ខ្ចីម៉ូតូគេមកមើល ក៏ឃើញមានសមត្ថកិច្ចនៅទីនោះ គេមិនឲ្យចូល តែគេឲ្យមើលម៉ូតូ គាត់ក៏ប្រាប់វិញថា នេះជាម៉ូតូខ្ញុំប្រាកដមែន ចំណែកប្រពន្ធគាត់មិនដឹងស្លាប់ពីពេលណានោះទេ ។

តាមការបំភ្លឺរបស់ ឈ្មោះ ទី ឃឿន ភេទប្រុស អាយុ ៦២ឆ្នាំ នៅភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២ ពេលគាត់កំពុងកាប់ចំការនៅតំបន់ខាងលើ ស្រាប់តែលឺសំឡេងមនុស្សស្រីស្រែកឲ្យជួយផង លឺដូចនោះ គាត់ក៏ដើរទៅប្រាប់ឈ្មោះ ឡាយ ដែលនៅធ្វើចំការខាងលិចគាត់ចំងាយ ៦០ម៉ែត្រថាលឺសម្លេងមនុស្សស្រីស្រែកនៅទិសខាងជើង ឈ្មោះ ឡាយ និយាយថា ប្រហែលជាមានក្មេងៗមកលេងទឹកទេដឹង បន្ទាប់មកក៏លែងលឺសំឡេង ។

តាមការបំភ្លឺរបស់ ឈ្មោះ ង៉េក ពន្លឺ ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៦ព្រឹក គាត់បានទៅរើសគ្រាប់ស្វាយចន្ទីនៅចំការនៅតំបន់នោះ ទៅដល់គាត់បានឃើញម៉ូតូ១គ្រឿង ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៥ នៅបញ្ឈរចោលកៀនព្រៃក្បែរផ្លូវចូលចំការគាត់ ពេលនោះគាត់គិតថា ជាម៉ូតូអ្នកដើររកបាញ់សត្វ បានមួយសន្ទុះ គាត់ក៏ត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥ គាត់ និងកូនស្រី បានទៅរកបេះផ្លែស្វាយចន្ទីនៅចំការទីនោះទៀត ក៏ឃើញម៉ូតូនៅកន្លែងដដែល គាត់ក៏នាំគ្នាចូលក្នុងចំការ មួយសន្ទុះក៏នាំគ្នាត្រឡប់មកវិញមកដល់កន្លែងម៉ូតូក៏ធំក្លិនស្អុយ ទ្រាំមិនបានក៏មកផ្ទះរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យទៅពិនិត្យកន្លែងនោះ ។

កម្លាំងសមត្ថកិច្ចខេត្ត និងស្រុកព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះដល់ កន្លែងកើតហេតុពិនិត្យកន្លែងកើតហេតុ និងសាកសព ឃើញមាន នៅកន្លែងកើតហេតុមានបន្សល់ម៉ូតូជនរងគ្រោះ C១២៥ មួយគ្រឿង ទូរស័ព្ទរបស់រងគ្រោះ ០១គ្រឿង ម៉ាក vivo ។ ការពិនិត្យសាកសពរបស់សមត្ថកិច្ច​ឃើញថា សពមានសភាពហើមស្អុយរលួយ មានស្លាកស្មាមជាំក្រហមលើពោះ ជាច្រើនកន្លែង នៅលើ ក សពមានខ្សែចំណងក្រមារុំកផ្នែកខាងមុខ ខាងឆ្វេងចំនួន២ជុំ និងមានគំនួចចងរិតកដោយចងចំណងសម្លាប់មុខ។

ការសន្និដ្ឋានយោងតាមការស្រាវជ្រាវ ពិនិត្យជុំវិញកន្លែងកើតហេតុ និងសាកសពសមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយ សារអំពើឃាតកម្ម ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖