ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ដើរទៅនោមក៏ប្រទះសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រោមដើមពោធិ៍ក្នុងវត្តគោកបញ្ជាន់ ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើនោះ សម្បុរស មានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺ ពណ៌ខ្មៅដៃខ្លី ស្លៀកខជើងវែង ពណ៌ខ្មៅដោយពុំទាន់ដឹងថាជាអ្នករស់នៅស្រុកភូមិណា ហើយ និងមានវិបត្តិអ្វីទើបសម្រេចចិត្តបញ្ចប់ជីវិតដោយយកខ្សែនីឡុងចងកបែបនេះនៅឡើយ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា ពុំមាននរណាម្នាក់បានដឹងថាបុរសនេះចងកសម្លាប់ខ្លួនតាំងពីពេលណាមកនោះទេ ប៉ុន្តែនៅមុនពេលកើតហេតុការណ៍ភ្ញាក់ផ្អើលមានបុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលតែងតែចេញចូលក្នុងវត្តគោកបញ្ជាន់នោះបានដើរទៅនោមនៅជិតដើមពោធិ៍ ខណៈនោះស្រាប់តែបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់បានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នោះចងសម្លាប់ខ្លួន ។
បន្ទាប់មកបុរសអ្នករត់ម៉ូតូឌុបបានស្រែកប្រាប់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តនោះឲ្យនាំគ្នាទៅជួយមើលព្រមទាំងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី២ ឲ្យចុះទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យកោសល្យវិច័យ ព្រមទាំងធ្វើការស្រាវជ្រាវរកអត្តសញ្ញាបុរសនោះផងដែរ ៕ សុខាសែនជ័យ