ព័ត៌មានទាន់ហេតុការណ៍៖

បន្លំលួចទូរស័ព្ទដៃបានហើយ តែពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណី លួចទូរស័ព្ទដៃ នៅហាងលក់ទូរស័ព្ទដៃ (ផ្ទះលេខ៥៦) ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កឡើងនៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ និងត្រូវបានប្រជាពលរដ្ឋចាប់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចផងដែរ ។

ជនរងគ្រោះឈ្មោះ ម៉ៅ ភារិន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះកើតហេតុ ។ រីឯជនសង្ស័យឈ្មោះផន វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអង់រវាង ឃុំតាំងយ៉ាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្នុងរបាយការណ៍របស់លោកអធិការរងបានបញ្ចាក់ថា ៖ មុនពេលកើតហេតុជនសង្ស័យជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ តាកែវ ១Q-២២៤៤ មកឈប់នៅមុខហាងលក់ទូរស័ព្ទដៃខាងលើ រួចយកទូរស័ព្ទដៃម៉ាក Samsung ពណ៌ស មកលក់ តែជនរងគ្រោះមិនទិញ រួចជនសង្ស័យក៏ឲ្យជនរងគ្រោះយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ក្រហម មកពិនិត្យមើល ហើយសុំជនរងគ្រោះដូរជាមួយទូរស័ព្ទដៃរបស់ខ្លួន តែជនរងគ្រោះក៏ឲ្យជនសង្ស័យថែមលុយ៥០ដុល្លារ ពេលនោះជនរងគ្រោះរវល់លក់ទូរស័ព្ទភ្លេចខ្លួន ជនសង្ស័យក៏លួច យកទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើ ជិះគេចខ្លួនបានបន្តិច ក៏ត្រួវបានជនរងគ្រោះឃើញស្រែកចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យ រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

គួររំលឹកថា ជនសង្ស័យខាងលើ ក៏មានជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖