ខេត្តកោះកុង ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តធុនធំបើកបរក្នុងល្បឿនលឿន បានបុកក្របីមួយក្បាលកំពុងដើរឆ្លងផ្លូវ រួចរចង្កូតមកបុករថយន្ត២គ្រឿងទៀត បណ្តាលឲ្យមនុស្សស្លាប់២នាក់យ៉ាងអាណោចអាធ័មនិងរងរបួស៦នាក់។
ឧបត្តិហេតុនេះកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង២០នាទី ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រអំបិល ។
តាមរបាយការណ៍នគរបាលចរាចរ ស្រុកស្រែអំបិលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតលោះង រវាងរថយន្តធំ និងរថយន្តតូច២គ្រឿងទៀត បើកបរ បញ្ច្រាស់ទិសគ្នា លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩-២០ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រអំបិល។ លុះមកដល់ចំណុចកើតហេតុរថយន្តធុនធំ បើកបរក្នុងស្ថានភាពល្បឿនលឿនបាន បុក ក្របីមួយក្បាលកំពុងរត់ឆ្លងផ្លូវធ្វើឲ្យរថយន្តនោះ រេចង្កូត មកបុក រថយន្ត ០២ គ្រឿងទៀត ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យក្រឡាបផ្ងារកង់ឡើងលើជង្រ្គាងៗនិងធ្វើឲ្យមានអ្នកស្លាប់ចំនួន២នាក់ និងរងរបួស៦នាក់ តែម្តង។ ឯក្របីរបួសស្រាលគេចចូលព្រៃបាត់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុនេះមាន១.ឈ្មោះ គី ភ្លីសុខគ្រី ភេទប្រុសនិង ២.គី ភ្លីតុហាំមីសាស់ ភេទប្រុស ជាជនជាតិអ៊ិស្លាម ។ ដោយឡែកអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកស្រែអំបិលចុះវាស់វែងនិងពាន វត្ថុតាងរថយន្តទាំង ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ ៕សហការី