ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន៖ ២៧ឆ្នាំនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន គោលការណ៍គ្រឹះប្រជាធិបតេយ្យទំនើប ដែលមានបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៧ ថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងលើកឡើងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងរយៈពេល២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យទំនើប ដែលមានបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា៖ តាមរយៈ Facebook ផ្លូវការ របស់លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួមមាន គោលការណ៍សិទ្ធិ និងសេរីភាព គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ។ល»។
លោកថា៖ គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលមានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទាំងអស់នេះ ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងផ្អែកលើបរិបទ និងគុណតម្លៃរបស់ខ្មែរទាំងស្រុង ដែលរួមមានវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត សង្គម និងផ្នត់គំនិតខ្មែរ ដើម្បីធានាបាននូវសុខតុមកម្ម និងប្រយោជន៍ជាតិសាសន៍ខ្មែរទាំងមូល។

អ្នកនាំពាក្យខាងលើបានបន្តថា ៖ ប្រជាធិបតេយ្យ មានគោលការណ៍រួម តែមិនមានស្តង់ដាររួមដែលតម្រូវឱ្យប្រទេសទាំងអស់ត្រូវតែអនុវត្តឱ្យបានដូចគ្នានោះទេ ពោលគឺ ការអនុវត្តត្រូវមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទ និងគុណតម្លៃនៃប្រទេសនិងតំបន់នីមួយៗ ដោយតម្កល់នូវប្រយោជន៍ជាតិខ្លួនជាធំ។ ដូច្នេះ ការវាយតម្លៃពីស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសមួយដែលប្រកបដោយភាពសុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមិនលំអៀងនោះ គឺត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍រួមផង ព្រមទាំងបរិបទ និងគុណតម្លៃនៃប្រទេសនិងតំបន់នោះផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖