ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងសរុបដើម្បីជួយសង្គ្រោះនិងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដែលមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងប្រតិបត្តិការសឹករងបាត់ដំបង កម្លាំងមន្ត្រីស្ម័គ្រចិត្តលេខាធិការដ្ឋានខេត្ត កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានការចូលរួមដោយផ្ទាល់ពីលោក ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករុក្ខគិរី និងលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរសំខាន់ៗផងដែរ។
បើតាមលោក ជា សម្បត្តិ អភិបាលស្រុករុក្ខគិរី បានឲ្យដឹងថា បញ្ហាទឹកជំនន់យ៉ាងគំហុកនេះ ជាលទ្ធផលបឋមបានធ្វើឲ្យប៉ះពាល់ផ្ទះពលរដ្ឋក្នុងឃុំចំនួន២ គឺឃុំបាសាក់ និងឃុំព្រែកជីក សរុបចំនួន១៧ភូមិ ដែលស្មើនឹង ១៨៣០គ្រួសារ ព្រមទាំងប៉ះពាល់ដំណាំស្រូវជាង២ពាន់ហិកតា ដំណាំម្នាស់ជាង៤០០ហិកតា និងដំឡូងមីជាង ១០០ហិកតា។
លោកបានបន្តថា៖ ទឹកជំនន់នេះបានស្រកបណ្ដើរៗហើយនៅបែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ប៉ុន្តែនៅតំបន់ខ្លះនៅមានជំនន់ខ្លាំងនៅឡើយ ដោយមានការដឹកនាំផ្ទាល់ពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុងធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ដែលត្រូវទឹកជំនន់លិចលង់ផ្ទះ រហូតមកដល់ពេលនេះ មិនទាន់ឈប់នៅឡើយទេ។
ចំពោះស្ថានភាពទឹកជំនន់នៅស្រុករុក្ខគិរីនេះ ទោះជាបានស្រកបណ្ដើរៗមែន ប៉ុន្តែទឹកនឹងហូរទៅតាមស្ទឹងមោង ហើយធ្វើឲ្យប៉ពាល់ផ្ទះ ដំណាំស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងឃុំមួយចំនួន នៃស្រុកមោងឫស្សី ដោយស្ថានភាពទឹកនឹងមានការជន់ខ្លាំងចាប់ពីយប់នេះ ឬស្អែក។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែតុលានេះ ជំនន់ទឹកភ្លៀងមិនមែនហក់ឡើងនៅតែស្រុករុក្ខគិរីនោះទេគឺនៅមានស្រុកមួយចំនួនទៀត ដូចជាស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវេល ហើយស្ថានភាពទឹកជំនន់នៅស្រុកប៉ុន្មាននេះ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរខេត្តអំពីផលប៉ះពាល់អ្វីខ្លះនោះទេ ប៉ុន្តែនៅថ្ងៃដដែលនេះ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងថា ដោយប៉ែកខាងលើស្ទឹងសង្កែ មានទឹកឡើងកម្ពស់ខ្លាំង ហើយស្ទឹងមួយនេះ អាចនឹងមានទឹកជន់នៅយប់នេះ ឬនៅថ្ងៃទី១០ ខែតុលា។
សូមជម្រាបជូនដែរថា ជំនន់ទឹកភ្លៀងនេះ គឺបង្កឡើងដោយសារទំនប់អាងទឹកបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី បានបាក់ហើយទឹកក៏ហូរខ្លាំងធ្លាក់មកប៉ែកខាងក្រោម ហើយការបាក់ទំនប់នេះ ព្រោះតែប៉ុន្មានថ្ងៃនេះនៅបែកខាងលើទំនប់ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ រហូតដល់ទ្វារអាងគ្រលាស់ (បើកខ្លួនឯង) ប៉ុន្តែទឹកបុកខ្លាំងពេក ក៏ធ្វើឲ្យបាក់ទំនប់តែម្ដង៕
ដោយ៖ សិលា