អន្តរជាតិ៖ បើទោះបីជាក្រុមហ៊ុនផលិតឱសថកំពុងស្វះស្វែងធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 និងសង្ឃឹមថាអាចនឹងប្រើប្រាស់បាននៅឆ្នាំ២០២១ក្តី ប៉ុន្តែអង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃទី១៤ ខែតុលាថ្មីៗនេះ បានអះអាងថា ការទទួលបានវ៉ាក់សាំងយ៉ាងរហ័ស និងក្នុងទ្រង់ទ្រាយធំទំនងជាមិនអាចធ្វើឡើងភ្លាមៗឡើយ។ ដូច្នេះសម្រាប់យុវជននិងមនុស្សដែលមានសុខភាពល្អ អាចនឹងត្រូវចាំរហូតដល់ឆ្នាំ២០២២ ទើបទទួលបានវ៉ាក់សាំងបង្ការជំងឺCOVID-19។ មិនតែប៉ុណ្ណោះអង្គការមួយនេះ ក៏បានសង្កត់ធ្ងន់ថា អាទិភាពក្នុងការទទួលបានវ៉ាក់សាំងត្រូវបានទៅមនុស្សងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលមុន ។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីប្រធានក្រុមអ្នកវិទ្យាសាស្ត្រ WHO លោកស្រីវេជ្ជបណ្ឌិតSoumya Swaminathan អះអាងថា ការផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាពរាប់ពាន់លានដូស ជាបញ្ហាប្រឈមដ៏ចម្បងមួយ។ លោកស្រីបន្តថា ប្រទេសនីមួយៗត្រូវមានការសម្រចចិត្តដ៏លំបាកមួយ ថា តើក្រុមមនុស្សណាដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេដោយសារតែលទ្ធភាពក្នុងការផលិតវ៉ាក់សាំងមានកម្រិត។
លោកស្រី Swaminathan បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វានឹងមានការណែនាំច្រើនទៀត ប៉ុន្តែខ្ញុំគិតថាមនុស្សវ័យកណ្តាល និងបុគ្គលដែលមានសុខភាពល្អត្រូវចាំរហូតដល់ឆ្នាំ២០២២ ទើបទទួលបានវ៉ាក់សាំង»។លោកស្រី បន្ថែមថា ប្រទេសជាច្រើនយល់ស្របថា ក្រុមមនុស្សដែលនឹងទទួលបានវ៉ាក់សាំងដំបូងគេគឺបុគ្គលិកព្យាបាល និងអ្នកនៅជួរមុខ។បន្ទាប់មក គេត្រូវកំណត់មនុស្សដែលមានហានិភ័យខ្ពស់ដូចជាមនុស្សវ័យចំណាស់ជាដើម។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត គូសបញ្ជាក់ថា ដើម្បីលែងឲ្យមានការចម្លងថ្មី គេចាំបាច់ត្រូវផ្តល់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុប។
លោកស្រីវេជ្ជបណ្ឌិត Swaminathan បានបញ្ជាក់ទៀតថា គេអាចនិយាយពីការបង្កើតភាពស៊ាំតាមរយៈការឆ្លងរោគ តែក្នុងបរិបទដែលគេមានវ៉ាក់សាំងតែប៉ុណ្ណោះ។ ព្រោះកន្លងទៅ WHO ក៏បានរិះគន់នូវគំនិតដែលចង់បង្កើតភាពស៊ាំនឹងជំងឺដោយបណ្តាលឲ្យមនុស្សឆ្លងមេរោគ(herd immunity) ។ខណៈWHO ចាត់ទុលវិធីសាស្ត្រនេះ ជារឿងគ្មានវិជ្ជាជីវៈ និងបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្សដោយមិនចាំបាច់។
ដោយឡែកទាក់ទិននឹងបញ្ហាវ៉ាក់សាំងដែលកំពុងធ្វើតេស្ត មានវ៉ាក់សាំងចំនួន២របស់ក្រុមហ៊ុន Johnson & Johnson របស់អាមេរិកនិងAstraZeneca របស់អង់គ្លេស បានផ្អាកការធ្វើតេស្តដោយសារបញ្ហាសុវត្ថិភាព ក្រោយពេលអ្នកចូលរួមធ្វើតេស្តធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ។ ចំណែកវ៉ាក់សាំង Sputnik V របស់រុស្ស៊ីកំពុងតែបន្តស្ថិតក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ រីឯវ៉ាក់សាំងរបស់ចិននឹងរួចរាល់សម្រាប់សាធារណៈនៅដើមខែវិច្ឆិកា ឬធ្នូ។
គួរបញ្ជាក់ថា បើគិតមកដល់ពេលនេះ ជំងឺឆ្លងសាកល COVID-19 បណ្តាលឲ្យមានករណីឆ្លងច្រើនជាង៣៨លានករណី និងបាត់បង់ជីវិតចំនួន១,១លាននាក់។ ការឆ្លងនៅប្រទេសអឺរ៉ុបមួយចំនួន មានការកើនឡើងសារជាថ្មី ដូចជានៅហូឡង់ និងបារាំង ដែលសម្រេចដាក់ទីក្រុងប៉ារីសក្នុងស្ថានភាពអាសន្ន៕ដោយ៖ស តារា