មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមជើងយន្តហោះក្រោយពេលកូវីដ-១៩ ស្ងប់ស្ងាត់ទៅ។ ពេលនោះតម្រូវការធ្វើដំណើរនៅលើពិភពលោកកើនឡើង ចំណែកក្រុមអាកាសយានិកវិញ បានឈប់សម្រាកពីការងារហោះហើរយូរពេក អាចធ្វើឲ្យ ប៉ះពាល់ពេលវិលត្រឡប់មកបញ្ជាយន្តហោះវិញ។
កុំថាឡើយបញ្ជាយន្តហោះដឹកមនុស្សរាប់រយនាក់ សូម្បីតែបើករថយន្ត ឬម៉ូតូក៏ត្រូវភាំងៗម្តងៗដែរ ក្រោយការផ្អាកការបើកបរយូរពេកនោះ។
ក្តីបារម្ភរបស់អ្នកធ្វើដំណើរកើតឡើង ក្រោយពេលមានករណីគ្រោះថ្នាក់ យន្តហោះកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ ពេលនោះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ៣០៧នាក់ បានជ្រុលចេញពីផ្លូវក្រោយចុះចតនៅអាកាសយានដ្ឋាន ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
ក្រោយហេតុការណ៍គ្រោះថ្នាក់ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថាអាកាសយានិកបញ្ជាការហោះហើរដោយផ្ទាល់មានរយៈពេលបញ្ជាការហោះហើរមិនដល់៣ម៉ោងផងក្នុងរយៈពេល៣ខែ។ ចំណែក ជំនួយការអាកាសយានិកវិញមិនមានការហោះហើរម្តងណាឡើយ តាំងពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០មក។
អ្នកជំនាញជនជាតិឥណ្ឌាលោកMohan Ranganathan បានលើកឡើងថា នៅពេលអាកាសយានិកមិនបានបញ្ជាយន្តហោះហោះហើររយៈពេលយូរ នឹងធ្វើឲ្យស្មារតីរបស់ពួកគេរងផលប៉ះពាល់ ហើយនៅពេលដែលការធ្វើដំណើរកើនឡើងនោះ អាកាសយានិកកាន់តែរងសម្ពាធខ្លាំង។
ចំណែកមន្ត្រីសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបបានឲ្យដឹងថា អាចនឹងមានការបណ្តុះបណ្តាលខ្លីឡើងវិញដើម្បីឲ្យក្រុមអាកាសយានិកដែលឈប់សម្រាកយូរអាចដំណើរការហោះហើរបានល្អ៕
ដោយ៖ធី រីណា