ខេត្តកណ្ដាល៖ បុរសម្នាក់បានយកកណ្ដៀវដេញកាប់គេដល់ក្នុងផ្ទះ តែពេលដេញគេកាប់មិនបាន ឃើញឪពុកគូទំនាស់ក៏កាប់បណ្ដាលឲ្យត្រូវភ្លៅរងរបួស ធ្វើឲ្យឪពុកគូទំនាស់ទ្រាំពុំបានក៏យកដំបងឈើជ្រុងវាយចំបន្ទូលក្បាល បណ្ដាលឲ្យដួលសន្លប់ស្តូកស្តឹង បង្កការផ្អើលឆោឡោកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុត សុខម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកជនសង្ស័យឈ្មោះ កាក់ លី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន)។ ដោយឡែកវត្ថុតាងចាប់យក៖ កណ្ដៀវផ្លែដែកដងឈើ មានប្រវែង៤១ស.មមួយ(របស់ឈ្មោះមុត សុខម៉េង), ឈើជ្រុង១ដើមប្រវែង៥០ ស.ម(របស់ឈ្មោះកាក់ លី)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ នៅវេលាម៉ោង១៧និង៣០នាទីឈ្មោះ មុត សុខម៉េង(ជនរងគ្រោះ)បានយកកណ្ដៀវដេញកាប់ឈ្មោះជ្រុយ គឹមស្រ៊ាង តែដេញមិនទាន់ ក៏ឃើញឈ្មោះ កាក់ លី (ឪពុកបង្កើតរបស់ជ្រុយ គឹមស្រ៊ាង)កំពុងឈរនៅមុខផ្ទះ ភ្លាមនោះជនរងគ្រោះបានយកកណ្ឌៀវដេញកាប់ជនសង្ស័យត្រូវចំភ្លៅខាងឆ្វេងបណ្ដាលឲ្យរបួសស្រាល។រំពេចនោះជនសង្ស័យក៏ឆក់បានដំបងឈើជ្រុងវាយទៅលើជនរងគ្រោះវិញបណ្ដាលឲ្យត្រូវចំបន្ទូលក្បាលដួលទៅលើថ្មសាប។ បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ។ ចំណែកឈ្មោះ កាក់ លី បានជិះម៉ូតូ ទៅផ្ទះនៅស្រុកកោះធំ។
ករណីនេះកម្លាំងជំនាញកំពុងកសាង សំណុំរឿង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ