តាមមធ្យោបាយជាច្រើន កម្លាំងយោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងប្រទេសជាតិតាំងពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១០ ហើយបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ។
ការក្រោកឈរឡើងប្រឆាំងយោធា កើតឡើងពីក្រុមនិស្សិតមួយក្រុមមកពីមហាវិទ្យាល័យបច្ចេកវិទ្យា Rangoon ដែលមានវិវាទជាមួយក្រុមយុវជននៅក្បែរសាលារៀន។ ក្រុមនិស្សិតមិនពេញចិត្តនិឹងការដោះស្រាយវិវាទពីមន្ត្រីក្នុងតំបន់ ដែលនាំឱ្យឈានដល់ធ្វើបាតុកម្ម បណ្តាលឲ្យប៉ះទង្គិចគ្នារវាងបាតុករនិឹងប៉ូលិស ។ នៅពេលយប់ប៉ូលិសក៏បានសម្រុកចូលមហាវិទ្យាល័យ បាញ់ប្រហារទៅលើក្រុមនិស្សិត បណ្តាលឲ្យនិស្សិតម្នាក់ឈ្មោះ Ko Phnoe Maw ជានិស្សិតឆ្នាំទី៥ស្លាប់ ។
ការស្លាប់របស់និស្សិតខាងលើបង្កឲ្យមានការក្រោកឈរឡើងធ្វើបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងរបបយោធានៅថ្ងៃទី៨-៨-៨៨ (១៩៨៨) ។ យុទ្ធនាការ ៨-៨-៨៨ បានក្លាយជាមូលដ្ឋានគ្រឺះសម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យ ក្រោយរយៈពេល៣ទសវត្សរ៍ នៃការគ្រប់គ្រងដោយយោធា ។
អំណាចយ៉ាងធំធេងរបស់យោធាមីយ៉ាន់ម៉ា៖
យោធាជាស្ថាប័នដែលមានអំណាចបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសតំបន់អាស៊ានមួយនេះទទួលបានឯករាជ្យចេញពីអង់គ្លេសនៅឆ្នាំ១៩៤៨។ ឧត្ដមសេនីយ៍អោង សាន ស្ថាបត្យករនៃឯករាជ្យភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងជាឪពុករបស់លោកស្រីអោងសាន ស៊ូជី បានបង្កើតកម្លាំងទាហានជាតិនៅដើមឆ្នាំ១៩៤៧ មុនឯករាជ្យមួយឆ្នាំ ។ កម្លាំងយោធាទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ក្នុងនាមជាអ្នករំដោះប្រទេសជាតិ នាំមកនូវឯករាជ្យដល់មីយ៉ាន់ម៉ា រួចផុតពីអាណានិគមអង់គ្លេស។
ចាប់តាំងពីទទូលបានឯករាជ្យមក មីយ៉ាន់ម៉ាប្រឈមនឹងអំពើហិង្សាជាច្រើនកើតឡើងនៅក្នុងស្រុក ក្នុងនោះមានវិវាទរវាងកម្លាំងទាហាន
នឹងរដ្ឋាភិបាលក្នុងពេលស្ថានភាពនយោបាយក្នុងប្រទេសនេះ បែកបាក់ជាពីរ។ កម្លាំងទាហានបានចាត់ទុកខ្លួនជាកម្លាំងតែមួយគត់ដែលអាចផ្សះផ្សានយោបាយ ប្រទេសជាតិ។
ក្រោយការរៀបចំមានរដ្ឋាភិបាលប្រជាធិបតេយ្យបានរយៈពេលជិត ១៥ឆ្នាំ រហូតដល់មេទ័ព Ne Win ដឹកនាំការធ្វើរដ្ឋប្រហារ ហើយឡើងកាន់អំណាចដឹកនាំប្រទេសនេះ។ ក្នុងពេលនោះការគ្រប់គ្រងតឹងតែង ធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ជំរុញឲ្យមានការក្រោកឡើងនៅឆ្នាំ១៩៨៨ បណ្តាលឲ្យមានអ្នកស្លាប់ជាង៣០០០នាក់។
យោធាបានរារាំងការធ្វើបាតុកម្មបានសម្រេចដោយការប្រើហិង្សាបាញ់សម្លាប់បាតុករជាច្រើន។ ប៉ុន្តែយោធាមិនអាចរារាំងការឃោសនាអំពាវនាវឲ្យមានប្រជាធិបតេយ្យ ធ្វើឲ្យយោធាបាត់បង់ការគាំទ្រ។ ក្នុងអំឡុងពេលនោះ លោកស្រី
អោងសាន ស៊ូជី បានបង្កើតគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD ហើយចាប់ផ្តើមដាក់គំនាបទៅលើរបបយោធាឲ្យរៀបចំការបោះឆ្នោតប្រជាធិបតេយ្យ។
ដោយរងសម្ពាធកាន់តែខ្លាំង ទាំងពលរដ្ឋក្នុងប្រទេសនិងសហគមន៍អន្តរជាតិ កម្លាំងទាហានក៏បានឲ្យរៀបចំការបោះឆ្នោតប្រជាធិបតេយ្យ ហើយពេលនោះ គណបក្សរបស់លោកស្រីស៊ូជី ទទួលបានជ័យជម្នះ។ ប៉ុន្តែយោធាមិនទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះ ក៏បានចាប់ឃុំខ្លួនលោកស្រីស៊ូជី នៅក្នុងផ្ទះទៀតផង។ យោធាក៏បានសន្យាថានឹងរៀបចំការបោះឆ្នោតហើយផ្តល់អំណាចលើរដ្ឋាភិបាលស៊ីវិលវិញ ក្រោយតាក់តែងរដ្ឋធម្មនុញ្ញថ្មីរួចរាល់។ ការសន្យានោះអូសបន្លាយរយៈពេល ដល់ទៅ១៨ឆ្នាំ ហើយលោកស្រីស៊ូជីក៏ត្រូវឃុំខ្លួនក្នុងផ្ទះ១៨ឆ្នាំដូចគ្នាដែរ។
ដោយសារតែយោធាមានអំណាច ទើបតាក់តែងរដ្ឋធម្មនុញ្ញដោយផ្តល់អាទិភាពដល់យោធា គឺមានកៅអីស្រាប់ក្នុងសភាតំណាងរាស្ត្រ ចំនួន២៥ភាគរយ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត ។ ចំនួន២៤% គឺមានសំឡេងគ្រប់គ្រាន់ដើម្បីយោធាច្រានចោលរាល់សេចក្តីព្រាងច្បាប់ ដែលយោធាមិនពេញចិត្ត។ មិនតែប៉ុណ្ណោះ យោធាមានសិទ្ធិតែងតាំងមនុស្សរបស់ខ្លួននៅក្នុងក្រសួងសំខាន់ៗមានដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងពន្ធដារ។
មិនតែប៉ុណ្ណោះ នៅក្នុងមាត្រាទី ៤១៧ នៃរដ្ឋធម្មនុញ្ញ អគ្គមេបញ្ជាការកងទ័ពមានសិទ្ធិ គ្រប់គ្រងស្ថាប័នទាំងអស់ ប្រសិនបើ អធិបតេយ្យភាពប្រទេសជាតិរងការគំរាមកំហែង។ ច្បាប់រដ្ឋធម្មនុញ្ញថ្មីនោះ ដោយមិនមានការចូលរួមពី ក្រុមប្រឆាំងណាមួយនោះឡើយ គឺយោធាជាអ្នករៀបចំទាំងអស់។
ដំណើរការប្រជាធិបតេយ្យចាប់ផ្តើមឡើង ដោយយោធាបានផ្តល់អំណាចដល់រដ្ឋាភិបាលបោះឆ្នោតពីពលរដ្ឋ នៅឆ្នាំ ២០១១ ពេលនោះ អតីតមេទ័ពលោក Thein Sein ជាប់ឆ្នោត។ ដល់ឆ្នាំ២០១៥ ទើបគណបក្សរបស់លោកស្រី ស៊ូជី បានយកឈ្នះជាលើកដំបូងក្រោយរយៈពេល ២៥ឆ្នាំតស៊ូ។
យោធានៅតែគ្រប់គ្រងក្រុមហ៊ុនធំៗដដែល ក្នុងនោះមាន ក្រុមហ៊ុនរ៉ែត្បូង បារី ស្រាបៀរ ទេសចរណ៍ដឹកជញ្ជូន និង ធនាគារ។ ទោះបីកែប្រែរបប តែយោធានៅតែមានអំណាចពេញនៅក្នុងដៃ ដែលជាអំណាចស្នូលរបស់ប្រទេសមីយ៉ាន់ម៉ា ពិសេសគឺសេដ្ឋកិច្ច។ នៅឆ្នាំ២០២០ កន្លងមក ក្រុមហ៊ុនយោធាមីយ៉ាន់ម៉ាទទួលបានប្រាក់ចំណូលដល់ទៅ១៨ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២០។
ទំនាក់ទំនងរវាងមេទ័ព Min Aung Hlaing និឹង លោកស្រីស៊ូជី កាន់តែអាក្រក់ទៅ។ នៅឆ្នាំ២០១៥ ក្រោយការបោះឆ្នោត ហើយបន្តវិវឌ្ឍកាន់តែអាក្រក់ ដោយសារវិវាទក្នុងការបែងចែកអំណាច ដោយលោកស្រីស៊ូជី ចង់ឲ្យមានការកែទម្រង់ក្នុងវិស័យយោធា ។
នៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០២០ ពេលនោះមេទ័ព Aung Hlaing សង្ឃឹមថានឹងទទួលបានកៅអីប្រធានាធិបតី ដោយខ្លួនមាន២៥%រួចជាស្រេចនៅក្នុងសភា ហើយបើគណបក្ស ស្និទ្ធយោធា USDP ទទួលបានតែ ២៦%ទៀតប៉ុណ្ណោះ លោកនឹងទទួលបានតំណែងប្រធានាធិបតីមកគ្រប់គ្រង ។ ប៉ុន្តែការបោះឆ្នោតគឺផ្ទុយពីការចង់បានរបស់យោធា ដោយពេលនោះ គណបក្សរបស់លោកស្រីស៊ូជីទទួលបានដល់ទៅ ៩២% ។ ទាំងនោះហើយទើបមានការចោទប្រកាន់ ពីការបន្លំសន្លឹកឆ្នោតឈានដល់ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១៕ ដោយ សាធី
រូបភាព៖ VTC