ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ៤ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូលត្រូវបានបញ្ចប់បណ្តើរៗហើយ ដោយរកឃើញ៤ក្រុមទៀតឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប(យូរ៉ូ)២០២០។ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី២១ មិថុនាម្សិលមិញនេះ ក្រុមខ្លាំងៗចំនួន៤ដែលបានឆ្លងផុត និងកក់កៅអីទៅកាន់វគ្គ១៦ក្រុមមាន បែលហ្ស៊ិក, ដាណឺម៉ាក, ហុល្លង់ និងអូទ្រីស។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកធ្វើបានល្អ ដោយ៣ប្រកួតក្នុងវគ្គជម្រុះតាមពូលគឺឈ្នះទាំង៣ប្រកួត ហើយការប្រកួតយប់មិញបានយកឈ្នះហ្វាំងឡង់២ទល់០។ ២គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានគឺ១គ្រាប់ដោយសារភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីកីឡាករ Hrádecký របស់ក្រុមហ្វាំងឡង់នៅនាទីទី៧៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lukakuនៅនាទីទី៨១។ លទ្ធផលនេះធ្វើឲ្យបែលហ្ស៊ិកឈរលេខ១ក្នុងពូលB។

ចំណែកក្រុមដាណឺម៉ាកបានឡើងទៅវគ្គ១៦ក្រុមជាមួយបែលហ្ស៊ិកដែរ ក្រោយពីយកឈ្នះរុស្ស៊ី៤ទល់១។ ៤គ្រាប់របស់ក្រុមដាណឺម៉ាករកបានដោយកីឡាករ Damsgaard នាទីទី៣៨, កីឡាករ Poulsen នាទីទី៥៩, កីឡាករ Christensen នាទីទី៧៩ និងកីឡាករ Mæhleនាទីទី៨២។ ចំណែក១គ្រាប់របស់ក្រុមរុស្ស៊ីរកបានដោយកីឡាករ Dzyuba ដោយបាល់ប៉េណាល់ទីនៅនាទីទី៧០។

ដោយឡែកក្រុមអូទ្រីសមានសំណាងបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាមួយហុល្លង់ក្នុងពូលC ដែរ ក្រោយពីយកឈ្នះក្រុមអ៊ុយក្រែន១ទល់០។ កីឡាករ​ Baumgartner របស់អូទ្រីសបានរកគ្រាប់បាល់ជ័យជម្នះឲ្យអូទ្រីសនៅនាទីទី២១។ ចំណែកក្រុមខ្លាំងហុល្លង់បានបន្តយកឈ្នះក្រុមម៉ាសេដូនៀ៣ទល់០ ធ្វើឲ្យក្រុមនេះឈរលេខ១ក្នុងពូលC មិនដែលចាញ់ក្នុង៣ប្រកួតវគ្គជម្រុះ។ ៣គ្រាប់របស់ក្រុមហុល្លង់រកបានដោយកីឡាករ Depay នៅនាទីទី២១ និង២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Wijnaldum ម្នាក់ឯងនៅនាទីទី៥១ និងនាទីទី៥៨។

គិតមកដល់ពេលនេះ៣ពូលបានរកឃើញ៦ក្រុមហើយបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ ក្នុងនោះពូលA មានក្រុម អ៊ីតាលី និងវែល, ពូលB មានក្រុម បែលហ្ស៊ិក និងដាណឺម៉ាក, ពូលC មានក្រុម ហុល្លង់ និងអូទ្រីស។ សម្រាប់ការប្រកួតនៅរាត្រីនេះមាន២គូក្នុងពូលD គឺក្រុមជម្រើសជាតិក្រូអាត ប៉ះជាមួយក្រុមជម្រើសជាតិស្កុតឡេន និងក្រុមជម្រើសជាតិសាធារណរដ្ឋឆេកប៉ះក្រុមជម្រើសជាតិអង់គ្លេស ដែលការប្រកួតក្នុងពូលនេះនឹងធ្វើឡើងដំណាលគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ មិថុនានេះ ៕

ដោយ៖ ភារៈ(រូបថត ៖ BBC)


ចែករំលែក៖