ករណីវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ខែកញ្ញា កាលពី២០ឆ្នាំមុន បានធ្វើឲ្យអាមេរិកនិងសម្ពន្ធមិត្តជាប់ផុងក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។ នៅពេលនេះអាមេរិកនិងសម្ពន្ធមិត្តបានដកខ្លួនចេញពីការជាប់ផុងនោះនៅថ្ងៃទី ៣១ខែសីហា មុនពេលគម្រប់ខួប២០ឆ្នាំថ្ងៃវាយប្រហារភេរវកម្ម។
«នៅថ្ងៃនេះយើងបានជួបគ្រោះមហន្តរាយជាតិ ។ ខ្ញុំបានចេញបញ្ជាឲ្យរដ្ឋាភិបាលសហរដ្ឋ ប្រមូលកម្លាំងទាំងអស់ ជួយដល់ជនរងគ្រោះនិងគ្រួសារ និងចាប់ផ្តើមសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន»។ ទាំងនោះជាសំដី អតីតប្រធានាធិបតីអាមេរិក George W Bush ប្រកាសក្រោយថ្ងៃវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ ។ រយៈពេលមិនដល់១ខែក្រោយមក លោកប៊ូសក៏បានបញ្ជាធ្វើសង្គ្រាមវាយប្រហារអាហ្វហ្គានីស្ថាននៅថ្ងៃទី៧ ខែតុលាឆ្នាំ២០០១ ។ ភ្លាមៗនោះរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលដឹកនាំដោយក្រុមតាលីបង់ ក៏បានដួលរលំភ្លាមៗនោះដែរ។
រយៈពេល១០ឆ្នាំនៃការធ្វើសង្គ្រាមកម្ចាត់ក្រុមភេរវកម្មអាលកៃដា អាមេរិកបានប្រកាសសម្លាប់មេដឹកនាំ អូស្មាប៊ិនឡាឌិន ដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន។ ទោះបីបានសម្លាប់មេដឹកនាំអាលកៃដាក្តី តែអាមេរិកត្រូវចំណាយពេលរហូតដល់១០ឆ្នាំទៀតដើម្បីដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយការដកទាហានមិនសមដូចបំណងឡើយ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលអាមរិក និងលោកខាងលិច បានដួលរលំភ្លាមនៅថ្ងៃទី ១៥ខែសីហា ក្រោយក្រុមតាលីបង់បានឡើងគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានវិញ ។
ក្នុងរដ្ឋការដឹកនាំរបស់ប្រធានាធិបតីបៃឌិន អាមេរិកបានសម្រេចគោលដៅដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ អាមេរិកបានធានាថាទឹកដីអាហ្វហ្គានីស្ថាន នឹងមិនក្លាយទៅជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម អាលកៃដាទេ ។
ការវាយប្រហារភេរវកម្មទៅលើទឹកដីអាមេរិក ៤លើកនៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០០១ បានសម្លាប់មនុស្សដល់ទៅ២៩៩៦នាក់ និងរបួស៦ពាន់នាក់ ក្នុងរយៈពេលតែ៧៧នាទីតែប៉ុណ្ណោះ ។ ការវាយប្រហារនោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ គិតជាទឹកប្រាក់ដល់ទៅជាង ១០ពាន់លានដុល្លារ ។ ប៉ុន្តែតាំងពីពេលនោះមក បានបំផ្លាញទ្រព្យសម្បត្តិអាមេរិកដល់ទៅ ៣.០០០ពាន់លានដុល្លារ៕(ដោយ៖ធីរីណា)
រូបភាព៖ Reuters