(តពីលេខមុន)
ជាការពិតណាស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យអង្ការបានដាក់ចេញនូវក្រមសីលធម៌ស្អាតស្អំ ១២ចំណុចសម្រាប់កម្មាភិបាល
និងប្រជាជនអនុវត្ត ដែលក្រមសីលធម៌ទាំងអស់សុទ្ធតែជាអំពើល្អមើលទៅគួរឲ្យគោរព ស្រលាញ់ ក្នុងនោះមានសីលធម៌ទី៧ បានហាមមិនឲ្យមានស្នេហាលួចលាក់ឬប្រព្រឹត្តកាមគុណជាមួយអ្នកផ្សេងក្រៅពីប្តីប្រពន្ធខ្លួនឯងដាច់ខាត។ ដូច្នេះការរៀបចំអាពាហ៍ពិពាហ៍មិនបានធ្វើឡើងតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរបុរាណនោះទេដោយអង្គការបានចាត់ទុកថាការគោរពទំនៀមទម្លាប់ខ្មែរបុរាណជារឿងឥតប្រយោជន៍ជាជំនឿប្រតិកិរិយាបន្សល់ពីសម័យសក្កិភូមិ។
យ៉ាងណា ការរស់នៅដែលមើលឃើញតែសេចក្តីស្លាប់នៅពីមុខ ប្រៀបដូចរស់នៅក្នុងគុកឥតជញ្ជាំងធ្វើឲ្យប្រជាជនទូទាំងប្រទេសសឹងក្លាយទៅជារឿងធម្មតាទៅហើយ ដោយម្នាក់ៗគិតថា ” បានរស់មួយថ្ងៃសម្រាប់មួយថ្ងៃជាការប្រសើរពេកហើយ” ។ ការរស់នៅរបស់ប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំគ្មានអ្វីក្រៅពីធ្វើពលកម្ម ធ្វើស្រែចម្ការលើកទំនប់ ភ្លឺស្រែ ជីកប្រឡាយ យកទឹកមកបង្កបង្កើនផលនោះឡើយ។ ជាមួយការអត់ឃ្លានហូបមិនគ្រប់គ្រាន់ហើយធ្វើការធ្ងន់ធ្ងរគ្មានពេលសម្រាកនោះ ធ្វើឲ្យប្រជាជនស្លាប់ដោយជម្ងឺជាបន្តបន្ទាប់ក្នុងនោះក៏មានឪពុកខ្ញុំម្នាក់ផងដែរ។
នៅខែកញ្ញាឆ្នាំ ១៩៧៨ ដែលជា រដូវបុណ្យភ្ជុំបិណ្ឌ ទឹកទន្លេមេគង្គបានឡើងជន់លិចវាលស្រែ(ទឹកធំ)យ៉ាងល្ហល្ហាចមើលទៅសស្ងាចដូចប្រៀបបាននឹងទឹកសមុទ្រ។ អង្គការចាប់ផ្ដើមចល័តប្រជាជនពីតំបន់មួយទៅតំបន់មួយ។ គ្រួសារបងស្រីខ្ញុំពីរគ្រួសារ រួមជាមួយបងជីដូនមួយ ៣ គ្រួសារទៀតត្រូវបានអង្គការចល័តពីឃុំព្រៃឈរ ស្រុកកំពង់ត្របែក នៃភូមិភាគបូព៌ាឲ្យទៅរស់នៅខេត្តពោធិ៍សាត់និងបាត់ដំបងនៃភូមិភាគបស្ចឹម។ នេះជាផែនការរបស់អង្គការមជ្ឈឹមបក្សដែលបានដាក់ទិសឲ្យថ្នាក់ក្រោមអនុវត្តជាបន្ទាន់ដោយយកលេសថា អ្នកទាំងនេះត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍គំរូ ជាកន្លែងសមូហភាពសម្បូរសប្បាយហូបឆ្អែតដេកឆ្អែត និងមានអ្វីៗទាំងអស់។ តែការពិតជាផែនការកម្ទេចមនុស្សដែលអង្គការចោទថា អ្នកទាំងនេះជាភ្នាក់ងារ សេ.អ៊ី.អា.របស់អាម៉េរិកឬ កា.សេ.បេ របស់សូវៀត។ បងស្រីខ្ញុំទាំងពីរគ្រួសារនិងបងជីដូន ៣ គ្រួសារនេះបានលាម្ដាយនិងបងប្អូនទាំងទឹកភ្នែក។ ពួកគាត់បាននាំគ្នារែកពន់បង្វិចសម្លៀកបំពាក់និងដឹកដៃ ក្មួយតូចៗចាកចេញពីសហករណ៍ ភូមិអាគ្រាជ ដោយធ្វើដំណើរថ្មើរជើងកាត់តាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តពោធិ៍សាត់និងបាត់ដំបងដោយមានកម្មាភិបាលភូមិម្នាក់ជាអ្នកនាំផ្លូវ។ ចាប់ពីពេលនោះមកខ្ញុំលែងបានជួបពួកគាត់រហូត។(នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត