ភ្នំពេញ ៖ យុវជនម្នាក់បានដាច់ក្បាលចេញពីខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ខណៈដែលជនរងគ្រោះបើកម៉ូតូចុះពីលើស្ពានព្រែកព្នៅលឿនពេកក៏ជ្រុលទៅទាក់ដៃចង្កូតនឹងរថយន្តកុងតឺន័រដួលចូលទៅក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រ៉ង អាយុ១៨ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំចុងកោះ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមសម្តីពីយុវជនម្នាក់ដែលរួមដំណើរជាមួយជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួននិងជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-4226 ជិះឌុបគ្នាចេញពីម្ដុំអូតែលសុខាដើម្បីត្រឡប់មកផ្ទះវិញ ដោយជិះកាត់តាមបណ្ដោយវិថីវិមានឈ្នះ=ឈ្នះ ឡើងតាមស្ពានព្រែកព្នៅក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុត្រង់គល់ស្ពានព្រែកព្នៅក៏ទាក់ដៃចង្កូតជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ចុះពីលើស្ពានព្រែកព្នៅក្នុងទិសដៅស្របគ្នាបណ្តាលឱ្យដួលម៉ូតូខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកិនចំក្បាលដាច់ពីខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកខ្លួនជាអ្នករួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមៗនោះដែររថយន្តកុងតឺន័របានបន្តបើករត់ទៅជាច្រើនម៉ែត្រតែត្រូវសមត្ថកិច្ចតាមឃាត់បានអ្នកបើកបរនិងរថយន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ រួចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ និងបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ