ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំដំបូងគេបង្អស់ក្នុងតំបន់អាស៊ី នឹងបំពេញទស្សនកិច្ចទៅកាន់ រុស្ស៊ី និងអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងក្លាយជាមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីជាលើកដំបូងដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សុី និងអ៊ុយក្រែន ។ ប៉ុន្តែលោក Joko Widodo ទៅកាន់ប្រទេសទាំងពីរ ក្នុងនាមជាប្រធានក្រុមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង២០ ហៅកាត់ថា G-20។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៉ី លោកស្រី Retno Marsudi នៅថ្ងៃ២២ខែមិថុនានេះបានប្រកាសថា ប្រធានាធិបតីឥណ្ឌូនេស៉ី ដែលជាប្រធានកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 គឺលោក Joko Widodo នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៉ី ជួបជាមួយសមភាគីរបស់លោកនៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ជុំវិញជម្លោះរវាងប្រទេសទាំងពីរ។
លោកស្រី Retno Marsudi បានបន្ថែមថា «លោក Widodo កំពុងបង្ហាញការអាណិតអាសូរចំពោះវិបត្តិមនុស្សធម៌ ហើយនិងព្យាយាមរួមចំណែកដល់វិបត្តិស្បៀងអាហារបង្កឡើងដោយសង្រ្គាម និងផលប៉ះពាល់លើប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប។ លោក Widodo ក៏នឹងបន្តជំរុញឱ្យមានស្មារតីនៃសន្តិភាពផងដែរ»។
លោកប្រធានាធិបតីឥណ្ឌូនេស៉ី នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin ខណៈដែលកន្លងមកនេះ លោកក៏ធ្លាប់បានអញ្ជើញមេដឹកនាំទាំងពីរឱ្យចូលរួមកិច្ចប្រជុំ G20 ដែលប្រព្រឹត្តទៅនៅកោះបាលី រួចមកហើយផងដែរ។
គួរបញ្ជាក់ថា ទោះជាយ៉ាងណា លោកស្រី Retno មិនបានបញ្ជាក់លម្អិតអំពីអ្វីដែលលោក Widodo នឹងលើកឡើងក្នុងកិច្ចពិភាក្សា ជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន នោះឡើយ ខណៈដែលវានឹងកើតឡើងបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង20ហៅកាត់ថា G20៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖