(តពីលេខមុន).
គ).ថ្ងៃទី៣សំពះ:
ដល់វេលាភ្លឺស្រាងៗដែលហៅថាអរុណរះ អាចារ្យកាន់ពេលាត្រូវនាំកូនប្រុសទៅថ្វាយបង្គំរានទេវតាដែលធ្វើទុកដូចថ្ងៃមុននៅទីទៀបផ្ទះការនោះ ដែលមានគ្រឿងដង្វាយ គឺ បាយសីប្រាំថ្នាក់មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀនប្រាំធូបប្រាំ លាជ៥ ស្លាជីបមួយ ជើងពានដាក់ថ្វាយនៅលើរៀននោះ និងត្រូវអង្គុយចាំយកពេលវេលានៅទីនោះផង របៀបអង្គុយចាំវេលា តាមទំនៀមបុរាណគេឱ្យអង្គុយលើកត្បាល់ គឺយកត្បាល់មកផ្កាប់ហើយក្រាលសំពត់ពីលើឲ្យអ្នកសាមីខ្លួនអង្គុយសំយុងជើងបែរមុខទៅទិសបូព៌ តែមកក្នុងសម័យនេះគេឲ្យឈរក៏មាន ចាំមើលសូរិយាកាល គឺវេលាព្រះអាទិត្យរះដោយបុរាណចារ្យលោកកំណត់ទុកកំណត់យកពេលវេលានោះ ព្រោះជាពេលដ៏បរិសុទ្ធ ជាពេលមានមង្គល ដើម្បីជាប្រផ្នូលឲ្យកូនប្រុសស្រីបាននៅសេចក្តីសុខចម្រើនរុងរឿងទៅថ្ងៃមុខ។ឧបមាថា ដូចព្រះអាទិត្យដែលរះឡើងដូច្នោះ កាលឃើញថាបានពេលវេលាហើយ អាចារ្យត្រូវវាយឃ្មោះបន្លឺសូរស័ព្ទឡើង។ វេលាយកពេលវេលានោះលោកឱ្យលេងភ្លេងកិន្នរ ភ្លេងសារាយអណ្ដែត ភ្លេងសារាយណែងណង។
លុះបានពេលលាហើយ ត្រូវដង្ហែកូនប្រុសចេញពីទីនោះឡើងទៅសំពះផ្កាស្លានៅផ្ទះការ របៀបក្បួនហែនោះគឺបុរសម្នាក់កាន់ដាវទាំងស្រោមដើរមុខបង្អស់ បន្ទាប់ដោយលំដាប់មក អ្នកមហាទាំងបីនាក់អ្នកកាន់ទៀន ២នាក់ អ្នកកាន់ផ្កាស្លា៣នាក់ អ្នកកាន់រងប្រាក់ខាន់ស្លា ប្រាក់ស្នាប់ទឹកដោះអាចារ្យ កូនប្រុស មានអ្នកបង់ក្លស់ឬឆ័ត្រឲ្យមួយនាក់ និងក្រោយបំផុតអ្នកភ្លេង…
អ្នកកាន់ផ្កាស្លាច្បង ត្រូវយកបងប្រុសរបស់កូនប្រុសមួយនាក់កាន់ឱ្យរើសញាតិដែលជិតហើយជាអ្នកមានខាន់ស្លា និងមិនអភ័ព្វគូ អ្នកដែលមានអាយុតិចជាងកូនប្រុសលោកហាមមិនឱ្យកាន់។ត្រូវលេងភ្លេងនារី ភ្លេងស្ដេចដើរ។វេលាហែទៅ កូនប្រុសត្រូវមានប្រាក់យ៉ាងតិចត្រឹមមួយស្លឹងទុកឬមួយកាន់ជាប់ទៅនឹងខ្លួន ខណៈទៅដល់មាតជណ្តើរផែនថ្មមួយដាក់ឲ្យកូនប្រុសឈរលាងជើងហើយនឹងឃើញក្មេងប្រុសមួយនាក់ជាប្អូនបង្លើត ឬជាអ្នកជិតខាងរបស់កូនស្រីកាន់ផ្តឹលទឹកមកលាងជើងឲ្យ ហើយនឹងឲ្យស្លាមួយម៉ាត់ដែលដៃកូនស្រីបៀកឱ្យកូនប្រុសទទួលស្លាស៊ីហើយត្រូវឲ្យប្រាក់ដែលឱ្យជាប់មកនឹងខ្លួនទៅឲ្យក្មេងនោះហើយក្មេងនោះត្រូវដឹកដៃកូនប្រុសឡើងជណ្តើរ។ នៅត្រង់នេះមានទំនៀមអ្នកស្រុកខ្លះ ឬ មេបាខ្លះគេសែនក្បាលជណ្តើរផង មានរណ្ដាប់គឺបាយសិង្ឃាត៤ មាន់ស្ងោរមួយ ឬសាច់ជ្រូកមួយដុំរៀបដាក់ក្បាលជណ្ដើរ ហើយអុជទៀនធូបនៅក្បាលជណ្តើរ ជួនកាលមានដុតផាវផង(ទំនៀមនេះប្រហែលជាប់មកអំពីចិន) ហើយត្រូវសែនក្នុងវេលាមុនដែលកូនប្រុសនឹងមកដល់។ កូនប្រុសការឡើងដល់ល្វែងច័នហើយត្រូវអង្គុយរង់ចាំមេបានិយាយការ។ លំដាប់នោះអ្នកមហាត្រូវជម្រាបសួរមេបាថាលោកអ្នកណាដែលត្រូវទទួលផ្កាស្លា ច្បង កណ្ដាល ពៅ។ មេបាត្រូវបង្ហាញខ្លួនថា នេះមួយៗឲ្យគ្រប់ទាំងបីនាក់។ ទំនៀមអ្នកទទួលការស្លា ត្រូវរើសយកពួកញាតិរបស់ស្រីដូចយ៉ាងម្ដាយធំ ម្ដាយមីង បងស្រីបង្កើតដែលជាអ្នកបានរៀបមង្គលការខាន់ស្លា និងមានគូស្រកររស់នៅទាំងគូ។
លំដាប់នោះអ្នកមហាត្រូវប្រាប់ឲ្យកូនប្រុសសំពះស្លា ព្រះពរគឺម្លូដែលគេមូរមានចំនួន៣ត្រួយដាក់នៅលើខ្នើយ សំពះម្ដងចាប់ស្លាព្រះពរឡើង១ ហើយដាក់ទៅវិញទាល់តែគ្រប់ទាំង៣ត្រួយ រួចហើយឲ្យសំពះបីដងទៀត ដល់គ្រប់វារៈ៣ដងឲ្យផ្ងារបាតដៃទាំងពីរ អ្នកដែលកាន់ផ្កាស្លាច្បងត្រូវយកផ្កាស្លានោះទៅដាក់លើដៃកូនប្រុស កូនប្រុសត្រូវជូនទៅអ្នកដែលត្រូវទទួលដែលមេបាប្រាប់អម្បាញ់មិញឱ្យធ្វើតែដូច្នោះ ផ្កាស្លា ទាល់តែគ្រប់ផ្កាទាំង។អ្នកទទួលត្រូវទុកផ្កាស្លា អ្នកភ្លេងត្រូវលេងភ្លេងព្រះថោង។
លំដាប់នោះ អ្នកផ្លូវស្រីម្នាក់ត្រូវអុជទៀនបិទនៅរងអ្នកផ្លូវ ហើយជំរាបមេបាសុំអនុញ្ញាតឲ្យកូនស្រីចេញមកផ្ទឹមចងដៃ ហើយកាន់រងនោះចូលទៅអញ្ជើញកូនស្រីដល់ខាងក្នុង ខាងមេបាត្រូវបង្គាប់ឲ្យអ្នកមហារាំច្រៀងអញ្ជើញកូនស្រីពីខាងក្នុងវាំងនន បើអ្នកមហាមិនចេះរាំច្រៀង នឹងពឹងរកអ្នកឯណានីមួយជំនួសខ្លួនក៏បាន អ្នកច្រៀងត្រូវកាន់ផ្លិតរាំច្រៀងទំនុកស្រីអន៣បទថា” អនអើយស្រីអន រាំបើកវាំងនន សូមអនមហាថ្លៃសូមអ្នករាំផ្លិត សូមអ្នកដឹកដៃ ស្រីអូនមហាថ្លៃ ពេលាបានហើយ អនចេញសំពះ កំលោះក្រមុំជួបជុំពេញផ្ទះ អនចេញសំពះ ព្រះពរ”
មានបទច្រៀងមួយបទទៀតផ្សេងគ្នាទាំងបីដូច្នេះ: ។
(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត