ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖ ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញ​ បានបំផុសឱ្យស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​ បានបំផុសស្មារតីឱ្យនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញឱ្យកាន់តែច្រើន ដើម្បីស្ដារជំនាញនិងទេពកោសល្យរបស់ពួកគេ​ ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន។ 

លោក ថោង ខុន ក៏បានជំរុញដល់អ្នកជំនាញទេសចរណ៍ទាំងឡាយ មុនចូលធ្វើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឡើងវិញ គប្បីឆ្លងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឡើងវិញជាមុនសិន ខណៈអ្នកខ្លះបានផ្អាកការងារមួយរយៈដោយសារការផ្អាកឬបិទទ្វារមូលដ្ឋានអាជីវកម្មកាលពីវិបត្តិជំងឺកូវីដ២ឆ្នាំកន្លងទៅ។

ជាក់ស្ដែង​លោករដ្ឋមន្ត្រីទេសចរណ៍​ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សដែលបញ្ចប់ការសិក្សានៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ​ បានរំលឹកថា ការផ្អាកអាជីវកម្មនិងការងារដែលបណ្តាលមកពីវិបត្តិកូវីដនេះ បានធ្វើឱ្យខាតបង់នូវជំនាញនិងទេពកោសល្យក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។ អ្នកជំនាញមួយចំនួនបានប្តូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្តើមឡើងវិញ ប្រឈមនឹងការខ្វះបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។

លោករដ្ឋមន្ត្រី​ បានជំរុញដល់នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ និងស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្តង់ដាជាតិ និងអាស៊ាន។

បន្ថែមពីនេះ​ លោក ថោង ខុន បានស្នើដល់អាជីវកម្ម ក៏ដូចជាយុវជនបម្រើការងារក្នុងវិស័យទេសចរណ៍ត្រូវកំណត់យកបដិសណ្ឋារកិច្ចល្អនេះជាគុណតម្លៃស្នូលនៃការផ្តល់សេវា និងបានស្នើឱ្យស្ថាប័នបណ្តុះបណ្តាល និងអាជីវកម្មដាក់ចុះនូវកម្មវិធីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតសម្រាប់ជួយគាំទ្រដល់សិស្សានុសិស្ស ក៏ដូចជាអ្នកបម្រើការងារ។

ម្យ៉ាងវិញទៀត យុវជនគួរចូលរួមវគ្គបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ានស្របតាមកម្មវិធីស្តង់ដាច្បាស់លាស់ ដែលបង្ហាត់បង្រៀនដោយគ្រូបង្គោលជាតិ និងអាស៊ានដែលក្រសួងទេសចរណ៍បានទទួលស្គាល់រួចហើយ។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ ក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយន្តការគាំទ្រ ក៏ដូចជាការអភិវឌ្ឍជំនាញដល់យុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ តាមរយៈការអនុវត្តយន្តការអាស៊ាន និងជាតិរួមគ្នារួចហើយ។ លើសពីនេះ ក្រសួងក៏បានដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលមួយចំនួន ដូចជា ការបណ្តុះបណ្តាលដំបូង (Initial Training) ការបណ្តាលបណ្តាលបន្ត (Continuing Training) កម្មវិធីសមាហរណកម្មជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម កម្មវិធីសិក្សាជំនាញទេសចរណ៍កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ការបណ្តុះបណ្តាលចល័ត (Mobile Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ជាដើម៕

ដោយ​៖សហការី​


ចែករំលែក៖