ខេត្តកំពត ៖ ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឲ្យ ការបង្ក បង្កើនផលរបស់ប្រជាកសិករទទួលបានទិន្នផលគាប់ ប្រសើរពោលគឺមិនចំណាយថវិកាសម្រាប់ការទិញប្រេងបូមទឹកនោះឡើយ។ ប្រជាកសិករនៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តកំពតសប្បាយចិត្តពីព្រោះផលស្រូវឆ្នាំនេះទទួលបានរហូតដល់៦តោនក្នុង១ហិកតា។ ប៉ុន្តែមិនសប្បាយចិត្ត ពីព្រោះតម្លៃថ្នាំកសិកម្មនិងជីខ្ពស់ ហើយការលក់ស្រូវចេញមិនបានថ្លៃប៉ុន្មានទេ។
អាជ្ញាធរមូលដ្ឋានខេត្តកំពតនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយលើកស្ទួយជីវភាពពលរដ្ឋនិងអភវិឌ្ឍន៍មូលដ្ឋាន។ ក្នុងនោះការបង្កបង្កើនផលស្រូវសំខាន់ជាង គេ ហើយបច្ចុប្បន្នស្រែងាយស្រួលធ្វើ និងទទួលបានផលច្រើនជាងមុនដោយឆ្នាំនេះស្រូវ១ហិកតាទទួលបាន ផល៦តោនប៉ុន្តែចំណេញតិច ព្រោះគ្មានទីផ្សារក្នុងស្រុក ហើយជី និងថ្នាំកសិកម្ម ឡើងថ្លៃរហូត។
លោក សេក ឈិនមេឃុំព្រែកក្រើស បានឲ្យដឹងថា ឃុំព្រែកក្រើសជាឃុំមួយផលិតស្រូវបានច្រើនជាងគេ ក្នុងស្រុកកំពង់ត្រាច ឃុំមានផ្ទៃដីស្រែទំហំ១៦១៦ហិកតា ក្នុងនោះមានផ្ទៃដីធ្វើស្រែប្រាំង ៧៨៥ហិកតា។ លោក បានបញ្ជាក់ថា ការធ្វើស្រែបច្ចុប្បន្នប្រើកម្លាំងម៉ាស៊ីន ភ្ជួររាស់សាបព្រួស ច្រូតកាត់ បោកបែនមួយចប់ មិនពិបាកដូចមុនទេ ហើយក្នុងមួយឆ្នាំ ពលរដ្ឋខ្លះធ្វើបាន២ដង និងខ្លះ៣ដង ហើយទិន្នផលស្រូវ ១ហិកតា ៥ទៅ ៦តោន។
យ៉ាងណាក៏ដោយ លោកមេឃុំព្រែកក្រើស បានបញ្ជាក់អំពីផលវិបាកសម្រាប់កសិករធ្វើស្រែនៅតាមតំបន់ព្រំដែនថា ដោយសារតែយើងគ្មានទីផ្សារស្រូវក្នុងស្រុក ស្រូវទាំងអស់ត្រូវលក់ចេញទៅប្រទេសវៀតណាម ធ្វើឲ្យឈ្មួញវៀតណាម និងឈ្មួញកណ្តាល ទម្លាក់តម្លៃយើងពេលស្រូវប្រមូលផលបានច្រើន ម្យ៉ាងទៀតតម្លៃជី ឡើងថ្លៃរហូត។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពតមានផ្ទៃដីស្រែជាង ១៣ម៉ឺនហិកតា ដែលអាចប្រមូលផលបានរង្វង់ ៥០ម៉ឺនតោនក្នុង១ឆ្នាំ។ ជាក់ស្តែងឆ្នាំ ២០២២នេះ ការប្រមូលផលស្រូវវស្សាបានជាង ២៨ម៉ឺនតោន លើផ្ទៃដីស្រែជាង ៨ម៉ឺនហិកតា ស្មើនឹង៦៤% នៃផ្ទៃដីបង្កបង្កើតផលសរុប៕
ដោយ៖ សូរិយា