រដ្ឋមន្ត្រីការពារជាតិទួរគីបាននិយាយថា លោកគ្រោងនឹងជួបសមភាគីស៊ីរី រុស្ស៊ី និងអុីរ៉ង់នៅទីក្រុងមូស្គូនាថ្ងៃទី 25 ខែមេសា។ ទីភ្នាក់ងារសារព័ត៌មាន Anadolu (ទួរគី) បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ Hulusi Akarដដែលបាននិយាយថា មេដឹកនាំចារកម្មនៃប្រទេសទាំងបួនក៏នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងមូស្គូផងដែរ។
ទីភ្នាក់ងារព័ត៌មាន TASS (រុស្ស៊ី) បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិទួរគី Hulusi Akar ដែលបាននិយាយថា ជំនួបរវាងមេដឹកនាំការពារជាតិនិងចារកម្មនៃប្រទេសទួរគី រុស្ស៊ី ស៊ីរី និងអុីរ៉ង់ នឹងធ្វើឡើងនៅទីក្រុងមូស្គូនៅថ្ងៃទី 25 ខែមេសា។ គោលដៅរបស់យើងគឺស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលមានស្រាប់តាមរយៈការសន្ទនា និងធានាសន្តិភាពនិងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
លោក Hulusi Akar ក៏បានលើកឡើងផងដែរថានឹងមាន “ព្រឹត្តិការណ៍វិជ្ជមានមួយចំនួន” បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមូស្គូ។ ទោះជាយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីព្រឹត្តិការណ៍ទាំងនេះទេ។
មុននេះ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ស៊ីរី និងទួរគីបានធ្វើឡើងនៅទីក្រុងមូស្គូកាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ2022 ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា នឹងទីក្រុងដាម៉ាសមានលក្ខណៈធម្មតា។ អ្នកចូលរួមបានយល់ព្រមបង្កើតគណៈកម្មការត្រីភាគី។
ប្រទេសទួរគីគាំទ្រការប្រឆាំងនយោបាយចំពោះប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងសង្គ្រាមស៊ីវិលរយៈពេល 12 ឆ្នាំរបស់ប្រទេសនេះ ខណៈដែលទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុង Damascus និងលើកទឹកចិត្តឱ្យមានការផ្សះផ្សាជាមួយទីក្រុងអង់ការ៉ា៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)