ខេត្តកំពង់ធំ៖ បើយើងក្រឡេកមើលពីទីផ្សារចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារនាពេលបច្ចុប្បន្ន គឺនៅមិនអាចឆ្លើយតបបានតាមតម្រូវការរបស់អតិថិជននៅ ឡើយទេ ជាហេតុធ្វើឲ្យស្ថាប័នជំនាញមានការបំផុសនិងបង្កើតមុខរបរចិញ្ចឹមកង្កែបតាមគ្រួសារឲ្យបានច្រើនដើម្បីរកប្រាក់ចំណូល ។
ជាមួយមុខរបរចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនេះដែរ លោកប៉ាវ ម៉េងហុង និងអ្នកស្រីរដ្ឋ ស្រីដា នៅភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថាលោកចាប់ផ្ដើមចិញ្ចឹមកង្កែបនេះរយៈពេល ៣ឆ្នាំមកហើយ ដែលការចាប់ផ្ដើមគឺជាការសាកល្បងដោយទិញមេពូជពីគេ និងសិក្សាបន្ថែមលើបច្ចេកទេសនៃការចិញ្ចឹម និងបង្កាត់ពូជ ។ លោកក៏បានរៀបចំធ្វើជាអាងផលិតពីសុីម៉ងត៍ និងមានស្បៃសំរាប់ធ្វើជាតំបូលប្រក់នៅក្រោយផ្ទះ ។
លោកប៉ាវ ម៉េងហុង បានបន្តឲ្យដឹងទៀតថា ការចាប់ ផ្ដើមលាកល្បងនេះ គឺបានធ្វើឲ្យលោកយល់ដឹងកាន់តែច្រើនលើការចិញ្ចឹមកង្កែប រហូតដល់លោកចេះបង្កាត់ ពូជ ចេះភ្ញាស់កូន និងការចិញ្ចឹមកង្កែបយកសាច់ លក់ជាដើម ជាហេតុធ្វើឲ្យលោកបែកគំនិតចាប់យកការចិញ្ចឹមកង្កែប ធ្វើជាមុខរបរហូតដល់បច្ចុប្បន្ន ។
លោកម៉េងហុង ក៏បានចែករំលែងដល់កសិករនៅក្នុងភូមិ ថែមទៀត ដោយបានបញ្ជាក់ថា ការចិញ្ចឹមកង្កែបនេះ គឺមិនពិបាកប៉ុន្មានទេ និងមិនចាំបាច់ចំណាយដើមទុនធំដុំអ្វីទេគឺយើងចិញ្ចឹមបែបលក្ខណៈគ្រួសារគ្រាន់តែយើងចេះផ្លាស់ប្ដូរទឹកក្នុងអាងលាងសំអាតអាង ដើម្បីកុំឲ្យស្អុយទឹកនិងស្អុយដល់សាច់កង្កែប ចេះរៀបចំទុកដាក់ដោយឡែកៗផ្សេងៗគ្នា និងធ្វើដំបូលគ្រប ការពារកុំឲ្យត្រូវក្ដៅខ្លាំង និងកុំឲ្យម្លប់ពេកនិងផ្ដល់ចំណីទៅតាមប្រភេទកង្កែបគឺមេពូជផ្ដល់ដោយឡែក,កូនតូចផ្ដល់ឲ្យដោយឡែក និងកង្កែបសាច់ផ្ដល់ឲ្យដោយឡែកតាមកំរិត និងទៀងទាត់ ។
លោកបានបន្តឲ្យដឹងថា តាំងពីលោកចាប់យកមុខរបរនេះមក គឺលោកអាចរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារបានស្រួល លើការចាយវាយ និងតម្រូវការចំណាយផ្សេងៗទៀត ដោយលោកអាចលក់កង្កែបពូជ និងកង្កែបសាច់ តាមត្រូវការ ក្នុង១គីឡូក្រាមតម្លៃ៧.០០០រៀលហើយកូនកង្កែបប៉ុនៗមេជើង១តំលៃ៣៥០រៀលនិងមេពូជ១គូរ៨០.០០០រៀលមិនតែប៉ុណ្ណោះ លោកក៏ប្រមូលទិញកង្កែបពីអ្នកកសិករក្នុងភូមិផងដែរ ។
ទន្ទឹមនិងមុខរបរនេះលោកក៏បានត្អូញត្អែរថា ការចិញ្ចឹមកង្កែបនេះ គឺអាចជួបបញ្ហាខ្លះៗ គឺដោយសារអាកាសធាតុ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង គឺកូនកង្កែបតូចៗ ហៅថាកូនក្អាត់ ទើបញាស់ គឺអាចងាប់អស់តែម្ដង ។
ជាសំណូមពរ លោកប៉ាវ ម៉េងហុង ចង់ជម្រុញឲ្យកសិករចេះចិញ្ចឹមកង្កែបតាមផ្ទះ ព្រោះថា វាជាមុខរបរនៅផ្ទះ ដែលអាចរកចំណូលសំរាប់គ្រួសារ មិនសូវចំណាយកំលាំង និងមិនប្រើទុនច្រើនទេ ហើយលោកក៏បានបន្ថែមថា កសិករក្នុងភូមិ អាចទិញពូជកង្កែបពីផ្ទះបាន ហើយ លោកនឹងចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម និងថែរទាំ ហើយលោកនិងជួយប្រមូលទិញ ដើម្បីលក់លើទីផ្សារ ព្រោះថា ពេលគេកុម្ម៉ង់ច្រើន ដើម្បីនាំចេញគឺលោកអត់មានកង្កែបឲ្យទីផ្សារ ។
សូមរំលឹកថា រហូតមកដល់ថ្ងៃនេះ ដោយទទួលបានការចែករំលែកបទពិសោធន៍ លោកប៉ាវ ម៉េងហុង ជម្រុញឲ្យមានការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារនេះ បានច្រើន គ្រួសារហើយនៅក្នុងភូមិរបស់លោក ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រុញឲ្យកសិករបង្កើនការផលិត ចិញ្ចឹម និងដាំដុះ នៅតាមគ្រួសារ និងសហគមន៍ ហើយមន្ទីរបានចែករំលែកបង្រៀន បទពិសោធន៍ និងតាមដានរាល់សកម្មភាពតាមសហគមន៍ជាប្រចាំ ៕
ដោយ៖ សូរិយា