ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហា ដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រាជារដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហា ដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយសម្រេច : 

ប្រការ១ .ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករ ខ្មែរនៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពដូចខាងក្រោម៖

១-លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រី្ត ប្រធាន 

២-លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធានប្រចាំការ

៣-លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន

៤- លោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធាន និងមានសមាជិក ចំនួន ៩រូប។ 

ប្រការ២ .គណៈកម្មការចំពោះកិច្ចមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

– តាមដាននិងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បី លុបបំបាត់ភាពមិនប្រក្រតីនិងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន

– ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូល របស់ពលករខ្មែរឱ្យបានត្រឹមត្រូវ

– ទទួលនិងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន

– សិក្សាស្រាវជ្រាវលើប្រភពបញ្ហាឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញ ចូលឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន

 – រៀបចំឱ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីសម្រួលឱ្យពលករអាចទំនាក់ទំនងនិងរាយការណ៍ភាពមិនប្រក្រតី

– ធ្វើការត្រួតពិនិត្យ តាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណី មានបណ្ដឹងមិនសុខចិត្តពីពលករ

– ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន 

– ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន 

– សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន

– ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន 

– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

ប្រការ៣ . អនុប្រធាននិងសមាជិកនៃគណៈកម្មការចំពោះកិច្ច ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន គណៈកម្មការចំពោះកិច្ច។ ក្នុងករណីប្រធានអវត្តមានឬមានធុរៈ អនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំនិងដឹកនាំកិច្ចប្រជុំជំនួសបាន។

អនុប្រធាននិងសមាជិកគណៈកម្មការចំពោះកិច្ច ត្រូវបំពេញការងារតាមការបែងចែកភារកិច្ចដែល កំណត់ដោយសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មការចំពោះកិច្ច ។

ប្រធានគណៈកម្មការចំពោះកិច្ច អាចអញ្ជើញតំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានីខេត្ត និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំឬប្រតិបត្តិការការងាររបស់ខ្លួនតាម ការចាំបាច់។

គណៈកម្មការចំពោះកិច្ច អាចប្រើប្រាស់មន្ត្រីជំនាញឬយន្ដការជំនាញរបស់ក្រសួងស្ថាប័ន និងអាជ្ញាធរ ដែនដីដែលមានតំណាងនៅក្នុងគណៈកម្មការ ដើម្បីជាជំនួយដល់ការបំពេញការងាររបស់ខ្លួនតាមការ ចាំបាច់។

ប្រការ៤ .គណៈកម្មការចំពោះកិច្ចអាចបង្កើតក្រុមការងារមួយចំនួនតាមការចាំបាច់ដើម្បីអនុវត្តការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់មន្ត្រីជំនាញឬយន្តការជំនាញរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមាន តំណាងនៅក្នុងគណៈកម្មការ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមការងាររបស់គណៈកម្មការចំពោះកិច្ចត្រូវ កំណត់ដោយសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មការចំពោះកិច្ច។

ប្រការ៥..គណៈកម្មការចំពោះកិច្ចមានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដំណើរការការងាររបស់ខ្លួន។ ថវិកាចំណាយ មធ្យោបាយ និងសម្ភារៈបរិក្ខារសម្រាប់ការបំពេញបេសកកម្មរបស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច ជាបន្ទុករបស់ក្រសួង ស្ថាប័នសាមី។

ប្រការ៦ .បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ 

ប្រការ៧ . រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖