ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ​ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចម៉ោង៦នេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ​ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ​ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ កញ្ញា ​២០២៣ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលា​ម៉ោង ៦ល្ងាចតទៅ។

យើងទាំងអស់គ្នា អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា

“កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”

សូមរម្លឹកពី ប្រព័ន្ធធារាសាស្ត្រនៅរាជធានីកោះកេរ 

តាមរយៈការស្រាវជ្រាវដោយប្រើបច្ចេកវិទ្យា LiDAR និងផែនទីដែលបង្ហាញទាំងនេះ យើងអាចឃើញយ៉ាងច្បាស់ថា ការរៀបចំក្រុងនៅកោះកេរ ពេលដែលព្រះបាទជ័យវរ្ម័នទី៤ យាងទៅដល់នៅឆ្នាំ៩២១នៃគ.ស ព្រះអង្គបានគិតគូររួចជាស្រេចលើការផ្គត់ផ្គង់ទឹកនៅក្នុងរាជធានីរបស់ព្រះអង្គ។ ហើយក្រោយពេលដែលព្រះអង្គបានឡើងសោយរាជ្យនៅក្នុងឆ្នាំ៩២៨នៃគ.ស នយោបាយនៃការរៀបចំ និងគ្រប់គ្រងធារាស្ត្រគឺកាន់តែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីធានាអោយបានសម្រាប់ការប្រើប្រាស់ទឹករបស់ប្រជារាស្ត្រនៅក្នុងរាជធានី។ ក្នុងនោះ «រហាល» បានដើរតួនាទីយ៉ាងសំខាន់ ជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ផង និងជានិមិត្តរូបនៃមហាសមុទ្រទាំង៧នៃក្នុងជំនឿលោកធាតុនិយមនៃព្រហ្មញ្ញសាសនាផង។ ម្យ៉ាងវិញទៀត ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិដូចជាទឹកជំនន់នារដូវវស្សា ព្រះអង្គក៏បានបញ្ជាអោយគេកសាងទំនប់យ៉ាងវែងនៅខាងជើងរាជធានីផងដែរ។ ទំនប់ខាងជើងនេះគឺប្រើសម្រាប់ជាអាងស្តុកទឹកសំខាន់ជាងគេ ដើម្បីទុកប្រើប្រាស់នៅរដូវប្រាំង។ ក្រៅពីរហាល និងទំនប់ខាងជើងរាជធានី យើងឃើញមាន ស្ទឹង ប្រឡាយ ត្រពាំង ស្រះ(តូច-ធំ)ជាច្រើននៅក្នុង នៅក្រៅរាជធានី ដែលគេទុកសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីសាសនាផ្សេងៗ។ យោងតាមសិលាចារឹកនៅសម័យនោះ(ស.វទី១០) មនុស្សដែលរស់នៅក្នុងរាជធានី លិង្គបុរៈ ឬ ឆោកគគ៌្យ (កោះកេរ) មានចំនួនប្រមាណមួយម៉ឺននាក់។ នេះជាការ (ដកស្រង់ចេញពីសៀវភៅ «កោះកេរ និងព្រះបាទជ័យវរ្ម័នទី៤» ដោយបណ្ឌិត ចិន្ត ច័ន្ទរតនា)

#កេរដំណែលខ្មែរ ៕

ដោយ ៖ សិលា


ចែករំលែក៖