ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំកិច្ចប្រជុំ ការផ្សព្វផ្សាយបទប្បញ្ញត្តិនិងនីតិវិធីគយលើការនាំចេញមុខទំនិញថ្មធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយបទប្បញ្ញត្តិនិងនីតិវិធីគយលើការនាំចេញមុខទំនិញថ្មធម្មជាតិ ក្រោមអធិបតីភាព លោក បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សមាសភាពចូលរួមមាន ប្រធាន អនុប្រធាន និងសមាជិកសមាគមអាជីវកម្មថ្មក្រានីតកម្ពុជា, ក្រុមហ៊ុនប្រកបអាជីវកម្មនិងនាំចេញថ្មកែច្នៃ និងមន្ត្រីគយនិងរដ្ឋាករ ជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គប្រជុំ លោកបណ្ឌិត  គុណ  ញឹម បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាអាករនាំចេញលើប្រភេទថ្មកែច្នៃស្របតាមខ្លឹមសារអនុក្រឹត្យលេខ ២៩៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ការធ្វើសាមញ្ញកម្មបែបបទ និងនីតិវិធីគយ ដែលការយល់ដឹងច្បាស់លាស់ទៅលើកិច្ចការទាំងនេះ គឺជាកត្តាសំខាន់ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ បង្កើនអនុលោមភាព និងប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនោះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញលម្អិតអំពីការកែសម្រួលអត្រាអាករនាំចេញតាមប្រភេទ និងកម្រិតនៃការកែច្នៃថ្ម ដោយរំលេចលេខកូដសំគាល់ជាក់លាក់ស្របតាមតារាងពន្ធគយជាធរមានរបស់កម្ពុជា។ ដើម្បីឲ្យកាន់តែច្បាស់និងចៀសវាងការចាត់ថ្នាក់ទំនិញខុសលេខកូដ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានលើកឡើងនូវលក្ខណៈបច្ចេកទេសអមដោយរូបភាពតាមប្រភេទ និងកម្រិតនៃការកែច្នៃថ្ម។ បន្ថែមលើនេះ   លោកឧត្ដមបណ្ឌិតអគ្គនាយក ក៏បានជម្រាបអំពីការកែសម្រួលនីតិវិធីនិងបែបបទគយមួយចំនួនដើម្បីសម្រួលដល់ការនាំចេញឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានរៀបចំឱ្យមានខ្សែទូរសព្ទ Hotline ចំនួន២ខ្សែ ដែលធុរជន/អាជីវករអាចទំនាក់ទំនងសុំការបំភ្លឺ ឬដោះស្រាយជាបន្ទាន់ក្នុងករណីអាជីវករជួបប្រទះនឹងបញ្ហាពាក់ព័ន្ធនឹងការនាំចេញថ្មធម្មជាតិ ។

នៅក្នុងកិច្ចប្រជុំនេះក៏មានកម្មវិធីសំណួរ/ចម្លើយយ៉ាងផុលផុសជុំវិញប្រធានបទអាជីវកម្មរ៉ែថ្មនេះ ហើយលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគម និងជាតំណាងអាជីវករក្នុងវិស័យនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងបានដាក់ចេញនូវវិធានការជាគោលនយោបាយបន្ធូរបន្ថយពន្ធអាករ និងវិធានការជាក់លាក់ដទៃទៀតដើម្បីជួយដល់អាជីវកម្មកែច្នៃ និងនាំចេញថ្មធម្មជាតិឲ្យដំណើរការទៅបានល្អប្រសើរ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖