ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបជូនថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម័យព្រះរាជាណាចក្រទី២ មានអាយុគម្រប់ ៣០ឆ្នាំកាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ តែក្រុមប្រឹក្សាធម្មនុញ្ញបានលើកពេលរៀបចំពិធីអបអរសាទរនៅថ្ងៃទី៦ ខែតុលា។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារ វាងឥស្សរជននយោបាយខ្មែរទាំងពីររូបគឺ សម្ដេចនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍។
ការបោះឆ្នោតនីតិកាលទី១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចការដំបូងនៃសភាធម្មនុញ្ញនាពេលនោះ គឺការអនុម័តបង្កើត «គណៈកម្មាធិការអចិន្ត្រៃយ៍រៀបរៀងរដ្ធធម្មនុញ្ញ» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣។ បន្ទាប់ពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី២ និងត្រូវបានព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជា បានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែកអំណាច និង (៤) នីតិរដ្ឋ ត្រូវបានយកមកផ្សាំជាមួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណតម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់បានយូរអង្វែងទេ អាស្រ័យដោយប្រទេសកម្ពុជាពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយជាច្រើនលើកច្រើនគ្រា។
ក្រោយការដួលរលំទៅនៃគ្រឹះធម្មនុញ្ញនិយមទំនើបឆ្នាំ១៩៤៧ ដោយរដ្ឋប្រហារឆ្នាំ១៩៧០ កម្ពុជា បានឆ្លងកាត់បទពិសោធន៍នៃការអនុវត្តរដ្ឋធម្មនុញ្ញដែលកំណត់របបនយោបាយខុសៗគ្នា។ ប៉ុន្តែពុំបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនោះទេ ពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ បាននាំកម្ពុជាឱ្យធ្លាក់ខ្លួនដ៏សែនរន្ធត់ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោម ឱនថយ ដូចមានការចារឹកខ្លឹមសារក្នុងបុព្វកថានៃរដ្នធម្មនុញ្ញឆ្នាំ១៩៩៣។ រហូតមកដល់ការសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបប្រទេសកម្ពុជាកសាងបានរដ្ឋធម្មនុញ្ញមួយដោយផ្អែកលើគោលការណ៍ធំៗជាមូលដ្ឋាន ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
គោលការណ៍ដែលមានចែងក្នុងឧបសម្ព័ន្ធទី៥ ជាគោលការណ៍សារវន្តមានលក្ខណៈទំនើបជាគុណតម្លៃស្នូល។ ក្រៅពីគោលការណ៍ជាសារវន្តទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ក៏បានចារឹកនូវគុណតម្លៃរបស់សង្គមខ្មែរ ដែលមានជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា របស់ខ្មែរផងដែរ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយមដែលមានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលពុំអាចកាត់ផ្តាច់បានពីកត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជាបានឡើយ។
ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយម ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បង្កើតឡើងនូវពហុសណ្ឋានជាទស្សនៈពហុនិយមបែបនេះ ក្នុងការអនុវត្តរមែងជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម ជាក់ស្តែងមួយចំនួនជាពុំខាន ឧទារហណ៍ ដូចជាការកើតឡើងនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាច្រើនលើកច្រើនសាដែលស្តែងឡើងឱ្យឃើញទាំងចំណោទ បញ្ហា ចំណោទច្បាប់ ទាំងដំណោះស្រាយសមស្រប និងចាំបាច់នានា ដើម្បីធានាដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី និងគោលការណ៍នៃការបោះឆ្នោតពហុបក្ស ក្នុងដំណើរអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ជារយៈពេលមួយវែងជាងរយៈពេលអនុវត្តរដ្ឋធម្មនុញ្ញមុនៗគ្រប់ជំនាន់។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៦ជំពូក និង១៥៨មាត្រា។ នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឱ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។
មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។
• លើកទី១៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភា ជាកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី១
• លើកទី២៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី២
• លើកទី៣៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២
• លើកទី៤៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៣
• លើកទី៥៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣
• លើកទី៦៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៣
• លើកទី៧៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣
• លើកទី៨៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥
• លើកទី៩៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥
• លើកទី១០៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦៕
ដោយ៖សហការី