ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រីកវិសាលភាពនៃការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រីកវិសាលភាពនៃការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​  បានឱ្យដឹងនៅថ្ងៃ​ទី១៦​ ខែតុលា​ ឆ្នាំ​២០២៣។ 

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ អង្គភាពគ្រប់កម្រិត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ជ្រាបថា ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃ ការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែ មានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យ ក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាពនៃសមិទ្ធកម្ម ក្រសួងបាននិងកំពុងដាក់ឱ្យដំណើរការ “ប្រព័ន្ធ គ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការគណនាដោយស្វ័យប្រវត្តិនូវរយៈពេលបំពេញការងារប្រចាំថ្ងៃតាមរយះ ម៉ោងចូលនិងម៉ោងចេញជាក់ស្តែង តាមរយះទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យសែន “Attendance QR” ហើយបង្កើត ជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ 

ទន្ទឹមនេះ ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មការងារគ្រប់គ្រង វិន័យនេះប្រព្រឹត្តទៅដោយរលូននិងដំណើរការដោយជោគជ័យ, ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

*១. ត្រូវសែនប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការរៀងរាល់ពេលឆ្លងកាត់ទ្វារសុវត្ថិភាព ចំពោះអង្គភាពមិនមានបំពាក់ទ្វារសុវត្ថិភាពត្រូវ ស្តែន “Attendance QR” តាមរយៈកម្មវិធី “MEF Profile” នៅលើ Smartphone ដូចដែលនាយកដ្ឋានបុគ្គលិកបាន ធ្វើការផ្សព្វផ្សាយណែនាំអនុវត្តកន្លងមក

*២. នៅរៀងរាល់ដំណាច់ខែ គ្រប់ប្រធានអង្គភាពត្រូវរៀបចំតារាងផ្តល់ព័ត៌មានមកនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួង អំពីអវត្តមានមន្ត្រីដោយឈរលើមូលដ្ឋានត្រឹមត្រូវ លិខិតបញ្ជាក់អំពីមូលហេតុនៃការខកខានស្កែនប័ណ្ណសម្គាល់ខ្លួន ឬ “Attendance QR”។ ចំពោះឯកសារអំណះអំណាងពាក់ព័ន្ធនានា ត្រូវរក្សាទុកនៅតាមអង្គភាពសាមីដែលនឹងត្រូវក្លាយ ជាកម្មវត្ថុនៃសវនកម្មនិងការត្រួតពិនិត្យបុគ្គលិកប្រចាំឆ្នាំ ឬបេសកកម្មត្រួតពិនិត្យដោយមិនជូនដំណឹងជាមុន

*៣. បញ្ជីសម្រង់វត្តមានប្រចាំខែដែលទាញចេញពីប្រព័ន្ធនេះនឹងក្លាយទៅមូលដ្ឋានប្រើប្រាស់ក្នុងការពិនិត្យវាយតម្លៃក្នុងយន្តការលើកទឹកចិត្តគ្រប់ប្រភេទជូនមន្ត្រីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួង មានភារកិច្ចគាំទ្រដល់គ្រប់អង្គភាពលើការដាក់ឱ្យដំណើរការ និងការ ប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” និងកម្មវិធី “MEF Profile”។ 

ទន្ទឹមនេះ នាយកដ្ឋានបុគ្គលិកត្រូវតាមដាន និង សម្របសម្រួលផ្ទៀងផ្ទាត់លើការស្រង់វ័ត្តមានឱ្យកាន់តែមានសុក្រឹតភាព និងប្រព្រឹត្តទៅដោយរលូន។ ក្នុងករណីពិនិត្យឃើញមន្តី នៅអង្គភាពណាមួយមិនបានបំពេញកាតព្វកិច្ចការងារពេញលេញ ត្រូវបន្តនីតិវិធីត្រួតពិនិត្យ និងរៀបចំការអនុវត្តទណ្ឌកម្មវិន័យ តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបខាងលើនេះ​ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងនេះតទៅ៕

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៖

ដោយ៖ សហការី


ចែករំលែក៖