ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាបានពង្រីកទីផ្សារនាំចេញរបស់ខ្លួន បន្ថែមទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន+៣ (អាស៊ាន បូក ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយកាត់បន្ថយ ជាបណ្តើរៗនូវការពឹងផ្អែកស្ទើទាំងស្រុងទៅលើ ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាវិញ្ញាសា សម្រាប់សាកល្បងភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា សមត្ថភាពនៃ ប្រព័ន្ធសុខាភិបាល និងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា នៅក្នុងឆ្លើយតបនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ទាំងទំហំ ទាំងជម្រៅនៃការប៉ះពាល់លើសង្គមសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធី «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រានៃភាពក្រីក្រធ្លាក់ចុះក្រោម១០% និងមុនជំងឺកូវីដ-១៩ គម្លាតវិសមភាពសង្គមកាន់តែរួញតូច រចនាសម្ព័ន្ធសេដ្ឋកិច្ចបាន ផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បង លើកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចពឹង លើឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទន្ទឹមនឹងការផ្សារភ្ជាប់កាន់តែខ្លាំង ទៅខ្សែច្រវ៉ាក់តម្លៃ និងខ្សែច្រវ៉ាក់ផ្គត់ផ្តង់ក្នុងតំបន់និងសកល កម្ពុជាសម្រេចបាន នូវវឌ្ឍនភាព នៃការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញដោយប្រមាណជា ១,៣ នៃរចនាសម្ព័ន្ធទំនិញនាំចេញ បានផ្លាស់ប្តូរពីការពឹងផ្អែកលើការនាំចេញផលិតផល កាត់ដេរដែលមានចំណែកប្រមាណ៩១% នៃការនាំចេញសរុបនៅឆ្នាំ២០០០ មកត្រឹម៦២% នាឆ្នាំ ២០២២ ខណៈដែលផលិតផលឧស្សាហកម្មមិនមែនកាត់ដេរ បានបង្កើនការរួម ចំណែករបស់ខ្លួនក្នុងការនាំចេញសរុបពី ៩% មក ៣៨%។
សម្តេចធិបតី បានលើកឡើងថា ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ។ សម្តេចធិបតី ថ្លែងថា៖ «ប្រាកដណាស់ថាទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង»។
សម្តេចធិបតី គូសបញ្ជាក់ថា សម្រាប់រយៈពេលជាង ២ទសវត្សកន្លងមក កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដោយទំហំពាណិជ្ជកម្មក្នុងស្រុកកើនឡើងប្រមាណ១០ គឺ ៣,១១ប៊ីលានអាមេរិកនៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ប៊ីលាននៅឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា អត្រាភាពក្រីក្រក៏បានធ្លាក់ចុះក្រោម ១០ភាគរយ នៅមុនវិបត្តិកូវីដ-១៩ និងវិវាទសង្គមកាន់តែរួញតូច រចនាសម្ព័ន្ធសេដ្ឋកិច្ច បានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកមុខរបរកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្មនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង។
សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការបើកចំហ ទី១ គឺការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម។
ទី២ ការជំរុញ ការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេសដើម្បីជាមូលដ្ឋានកសាងចន្ទល់ថ្មីសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ទី៣ ការពង្រឹងការស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវ ថ្នល់ ទឹក និងភ្លើងដើម្បីលើកកម្ពស់ការតភ្ជាប់សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម និងពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្តការអភិវឌ្ឍ និងការលើកកម្ពស់មូលធនមនុស្សដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និងទី៥ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំដើម្បីធានាសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ៕
ដោយ ៖ សិលា