ភ្នំពេញ៖ ប្រវត្តិសាស្ត្រ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានបញ្ជាក់ថា នៅ” ថ្ងៃ ១៤-១៥ កើតខែអស្សុជ និង ១ រោជខែកក្ដិក” ពិធីអុំទូក អកអំបុក បណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិដ៏ធំមួយបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រណាំងទូកនេះ មានរយះពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។
ពិធីបុណ្យនេះដែល យើងឃើញមានការចែងទុកក្នុងឯកសារជាតិ និងអន្តរជាតិ ឬតាមសិលាចារឹក នៃប្រាសាទនានាជាដើម ។ ពិធីបុណ្យ រីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ (សតវត្សរ៍ទី ១២) និងសម័យលង្វែកនាពុទ្ធសករាជ ២០៧១ គ្រិស្តសករាជ ១៥២៨ ក្នុងរាជព្រះបាទអង្គច័ន្ទទី១។
ហេតុដែលសម័យទាំងពីរនោះមានការរីកចម្រើន ពីព្រោះ៖
ក. នៅសម័យអង្គរសតវត្សរ៍ទី១២ ក្រុងកម្ពុជាមានសេចក្ដីសុខសប្បាយក្សេមក្សាន្ត រុងរឿងណាស់។ ព្រះបាទជ័យវរ្ម័នទី ៧ បានចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបបច្ច្ចាមិត្ត ដោយប្រើកងទ័ពទូករំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ ។ រឿងចម្បាំងទាំងអស់នាគ្រិស្តសករាជ ១១៧៧-១១៨១ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកនៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះឆាយា លក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង កាន់ធ្នូរដំបង អមដោយកងទ័ពយ៉ាងច្រើនមហិមា ។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។
ក្នុងពិធីនេះ ក៏មានការបណ្តែតប្រទីបផងដែរ។ អត្ថន័យនៃការបណ្តែតប្រទីបនេះ គឺដើម្បី សម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។
ឈានដល់ថ្ងៃទី២ គឺថ្ងៃ១៥ ខែកក្តិក នឹងមានពិធីមួយទៀត ហៅថាពិធីអកអំបុក សំពះព្រះខែ។ ពិធីអកអំបុក និងសំពះព្រះខែនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះ ព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។
បើតាមជំនឿរបស់ដូនតាខ្មែរ ប្រជាពលរដ្ឋយល់ថាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង (ការក្លាយជាព្រះពុទ្ធ)។ គ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទន្សាយនោះ ហើយក៏ពោលពាក្យឡើងថា៖ «ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ»។ ពេលនោះឯង ទន្សាយជាតួអង្គព្រះពោធិសត្វនៃយើង បានពោលវាចាតបយ៉ាងនេះថា៖ «ខ្ញុំមានតែសាច់ និងឈាមប៉ុណ្ណោះ បើអ្នកចង់បាន ចូរអ្នករកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។
គ្រាន់តែឮដូច្នេះ ព្រះឥន្ទ្រក៏ទៅបង្កាត់ភ្លើងភ្លាម។ ចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមៗតែម្តងដោយមិនបង្អង់យូរ ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា និងការបរិច្ចាគដ៏អស្ចារ្យរបស់ទន្សាយ ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ លំដាប់នោះ ព្រះឥន្ទ្រក៏ហោះទៅកាន់ស្ថានសួគ៌ ដើម្បីយកថ្មកែវមនោសិលា ទៅគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ដែលជាហេតុនាំឲ្យមានរូបទន្សាយជាប់ក្នុងរង្វង់ព្រះចន្ទ តាំងពីកាលនោះរហូតមក ហើយមនុស្សគ្រប់រូបក៏មើលឃើញរូបទន្សាយច្បាស់ នៅថ្ងៃ១៥កើត ពេញបូណ៌មី។
រឿងរ៉ាវនៃព្រះពោធិសត្វនេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដោយសារតែមានជំនឿបែបនេះឯង៕
ដោយ៖ សហការី