ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា។
ជាក់ស្តែង, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ, និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ហើយបន្ថែមលើកម្មវិធីទាំង ៤ នេះ, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែ មេសា ឆ្នាំ ២០២៤ តទៅ ។
កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតបនឹង គ្រោះអាសន្នក្នុងពេលមានវិបត្តិ បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ រាល់អន្តរាគមន៍គាំពារ ដែលនឹងដាក់ចេញក្រោមក្របខ័ណ្ឌនេះ សុទ្ធតែមានចរិតជាអន្តរាគមន៍មួយគ្រា ដើម្បីដោះស្រាយ បញ្ហាក្នុងរយៈពេលកំណត់មួយជាក់លាក់ទៅតាមភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយកំណត់ច្បាស់នូវយុទ្ធសាស្ត្រចាកចេញសមស្របជាមុន៕
ដោយ៖ តារា