ភ្នំពេញ ៖ អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើមពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។
ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាម ទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។ ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធត្រូវ បានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិក ធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។
ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវឹង (ខេមបូឌា) ម.ក ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។
ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោងតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ផ្លាកលេខ ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៤ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជី យានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពី បិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ តាមទីកន្លែង និងពេលវេលាដូចបានកំណត់ខាងលើ កុំបីខាន ៕
ដោយ ៖ សិលា