ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសម្រេចដាក់ឱ្យប្រើនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកសារយុទ្ធសាស្ត្រ នេះ ត្រូវបានប្រើប្រាស់ជាឯកសារគោលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍តាមវិស័យ និងផែនការរបស់ក្រសួង ស្ថាប័ន ដើម្បីធានានូវសង្គតិភាព និងភាពប្រទាក់ក្រឡា ដែលត្រូវ បែងចែកជាពីរកម្រិត រួមមាន៖

កម្រិតទី១). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ។

និងកម្រិត ទី២). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ក្នុងនោះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ត្រូវរៀបចំឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាច តាមដាន ត្រួតពិនិត្យ និងវាយតម្លៃបាន ដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅនិងគោលបំណង នៃផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បី ធានាដំណើរការការងារនៃក្រសួង ស្ថាប័ន និងអង្គភាពនានារបស់រាជរដ្ឋាភិបាលលើការអនុវត្តការងារ ដែល ចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅធានានូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយន្តការការងារ ចំនួន ៣ (បី) ដូចខាងក្រោម៖

(១). យន្តការដឹកនាំនិងសម្របសម្រួល៖ ក) រាជរដ្ឋាភិបាល ដឹកនាំការអនុវត្តយុទ្ធសាស្ត្រជារួម ដោយផ្តោតលើការតម្រង់ទិសការកែសម្រួលវិធានការគោលនយោបាយនានា និងការដាក់ចេញនូវវិធានការ គោលនយោបាយថ្មីៗតាមការចាំបាច់, ខ) គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ដឹកនាំសម្របសម្រួលរួម លើការជំរុញការអនុវត្តកិច្ចការ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្របញ្ចកោណរបស់ក្រុមប្រឹក្សា គណៈកម្មាធិការ ក្រសួង ស្ថាប័ន និង គ) ក្រសួងផែនការ ដឹកនាំសម្របសម្រួលកម្រិតបច្ចេកទេសក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មគន្លឹះរបស់ ក្រសួង ស្ថាប័ន ព្រមទាំងផ្គូផ្គង និងតម្រឹមការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និង ផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ។

(២). យន្តការអនុវត្ត៖ ក) ក្រសួង ស្ថាប័ន ជាតួអង្គស្នួលត្រូវបុរេសកម្ម, សកម្ម និងមានកិច្ចសហការ ជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំផែនការ, ការអនុវត្ត, ការបូកសរុបវឌ្ឍនភាព និងការវាយតម្លៃ, ខ) ក្រុមប្រឹក្សា និងគណៈកម្មាធិការអន្តរក្រសួង ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ទទួលបន្ទុកសម្របសម្រួលលើ ការជំរុញការអនុវត្តការងារអាទិភាពដែលមានចរិតអន្តរក្រសួង-ស្ថាប័ន ឬ អន្តរវិស័យ និង គ) រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ព្រមទាំងចូលរួមផ្តល់ធាតុចូលលើការបូកសរុបវឌ្ឍនភាព និងការវាយតម្លៃ។

 

(៣). យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ៖ ក) គ.យ.ប. ដឹកនាំ ពិនិត្យ និងសម្រេចលើ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលផ្អែកលើភស្តុតាង រួមទាំងសូចនាករសមិទ្ធកម្មគន្លឹះ ព្រមទាំង ពិនិត្យ និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត ព្រមទាំងផ្តល់អនុសាសន៍តម្រង់ទិសកែសម្រួលគោលនយោបាយ, យុទ្ធសាស្ត្រតាមវិស័យ និងយន្តការអនុវត្ត និង ខ) គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការ និងគោលការណ៍សម្រាប់ការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃ ផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រ។

ឈរលើមូលដ្ឋានខាងលើ សំដៅធានានូវប្រសិទ្ធភាព និងនិរន្តរភាពការងារ, រាជរដ្ឋាភិបាល សូមដាក់ចេញ នូវគោលការណ៍ពាក់ព័ន្ធនឹងការរៀបចំក្រុមការងារទទួលបន្ទុកលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា ហៅកាត់ថា “ក.យ.ជ.គ.” នៅតាមក្រសួង ស្ថាប័ន ដូចខាងក្រោម៖

ក. រចនាសម្ព័ន្ធស្ថាប័ន

ក្រសួង ស្ថាប័ន ត្រូវបង្កើត ក.យ.ជ.គ. ប្រចាំក្រសួង ស្ថាប័នសាមី ដែលមានសមាសភាពដូចតទៅ៖

– រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការ/អនុប្រធានស្ថាប័ន ប្រធាន

-អគ្គលេខាធិការ/អគ្គនាយក ០១ឬច្រើនរូបអនុប្រធាន

-មន្ត្រីជំនាញពាក់ព័ន្ធ ០១ ឬច្រើនរូបសមាជិក។

ការបង្កើតក្រុមការងារនេះ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងសក្តានុពលនៃមុខងារ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលមានស្រាប់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដោយឈរលើ អភិក្រម “ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ”។

ខ. តួនាទី និងភារកិច្ច

ក.យ.ផ.គ. ប្រចាំក្រសួង ស្ថាប័នសាមី ត្រូវមានតួនាទី និងភារកិច្ច ដូចតទៅ៖

សម្របសម្រួលរួម និងណែនាំដល់អង្គភាពចំណុះក្រសួង ស្ថាប័ន លើកិច្ចការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ, ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា ក្រោមសមត្ថកិច្ច របស់ខ្លួន។

-ចូលរួមរៀបចំ និងអនុវត្តក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨

-ដឹកនាំ និងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ, យុទ្ធសាស្ត្រ និងគោលនយោបាយនានា ក្រោមសមត្ថកិច្ចរបស់ខ្លួន

-ដឹកនាំ រៀបចំ អនុវត្ត និងតាមដានសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រ និងគោលនយោបាយនានា ក្រោមសមត្ថកិច្ចរបស់ខ្លួន

-ដឹកនាំ រៀបចំ និងផ្តល់សុពលភាពលើក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួង ស្ថាប័ន ដែលរៀបចំឡើងដោយអនុលោមតាមក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

-រៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាពាក់ព័ន្ធលើផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្រោមសមត្ថកិច្ចរបស់ខ្លួន

-ចូលរួម និងសហការក្នុងការវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ក្រោមសមត្ថកិច្ចរបស់ខ្លួន ធ្វើសុពលភាពទិន្នន័យស្តីពីវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ក្រោមសមត្ថកិច្ចរបស់ខ្លួន ដឹកនាំ និងចូលរួមក្នុងការរៀបចំប្រព័ន្ធព័ត៌មានវិទ្យានៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំ ក្រសួង ស្ថាប័នរបស់ខ្លួន

-រៀបចំ បូកសរុប និងផ្តល់របាយការណ៍វឌ្ឍនភាពការងារ សមិទ្ធកម្ម និងបញ្ហាប្រឈមនៃការអនុវត្ត កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្រោមសមត្ថកិច្ចរបស់ខ្លួន

-អនុវត្តកិច្ចការផ្សេងៗទៀតតាមការប្រគល់ពីប្រធាន ក.យ.ផ.គ. ពាក់ព័ន្ធនឹងកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ, យុទ្ធសាស្ត្រ និងគោលនយោបាយនានា។

ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ក្រសួងផែនការ និង គ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្ត ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖