ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍ របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។
យោងតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួន ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៦ ២៤៤ ០៩៦គ្រឿង។
សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួល ចំនួន ៥២មាត្រា លើ ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា។ លោកអភិសន្តិបណ្ឌិត បានស្នើក្រុមការងាររបស់ គ.ស.ច.គ. បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធី ឱ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕
ដោយ ៖ សិលា