ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានសហការ ជាមួយអង្គការ Vital Strategies អង្គការ GHAI អង្គការ UNHCR និងអង្គការ Plan International រៀបចំ សិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ដែល មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun & Moon Riverside រាជធានី ភ្នំពេញ។

សិក្ខាសាលានេះ បានទទួលការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ជ.ដ.អ. តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. និងអញ្ជើញជាអធិបតីក្នុងពិធីបិទដោយ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធាន លេខាធិការដ្ឋាន គ.ជ.ដ.អ.។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធពីរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ព្រមទាំង អង្គការ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសរុបចំនួន ២៥០រូប។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ (១) ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ថ្មីមួយចំនួន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម (២) បង្ហាញពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) សម្រាប់ការ អនុវត្តពេញលេញលើក្របខណ្ឌការងារអត្តសញ្ញាណកម្ម (៣) បង្ហាញអំពីលទ្ធផលនៃរបាយការណ៍វាយតម្លៃ រហ័ស (Rapid Assessment) លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ និងប្រមូលធាតុចូលនានា ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ សូម្រាប់ន រយៈពេល ១០ឆ្នាំបន្ត និង (៤) ស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកថវិកា ពីសំណាក់អង្គការជាដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីកសាងផែនការយុទ្ធសាស្ត្រ ជាតិស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ ។

សិក្ខាសាលាថ្ងៃនេះ ជាចំណុចចាប់ផ្តើម នៃការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។ នេះជារបត់ថ្មីមួយ ក្នុងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធការងារអត្តសញ្ញាណកម្ម ពីការចុះបញ្ជីដោយដៃ ឈានជា ជំហានៗទៅរកការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ដើម្បីធានាឱ្យការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម មានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រេចនូវការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណបុគ្គល ឱ្យបានជាប់លាប់ និងជាអចិន្ត្រៃយ៍ ដូចបានបញ្ញាត្តក្នុងច្បាប់នោះ ទាមទារ នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការចូលរួមអនុវត្តរួមគ្នារបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលជាប្រតិបត្តករដ៏សំខាន់លើការងារនេះ។ ជាមួយគ្នានេះ ការជំរុញផ្សព្វផ្សាយអប់រំ ដើម្បី លើកកម្ពស់ការយល់ដឹង និងកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះក្នុងការកំណត់ភាពជោគជ័យ លើការងារចុះបញ្ជីអត្តសញ្ញាណប្រជាពលរដ្ឋ។

បណ្តាការងារជាអាទិភាពក្នុងការកែលម្អប្រព័ន្ធការងារអត្តសញ្ញាណកម្មរួមមាន ការបង្កើតប្រព័ន្ធរួម អត្តសញ្ញាណប្រជាជន (IPIS) ការផ្តើមចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអនឡាញនៅថ្នាក់មូលដ្ឋានឃុំ- សង្កាត់ ការរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួន សម្រាប់បុគ្គលគ្រប់រូបប្រើប្រាស់ពេញមួយជីវិត និងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាលេខាធិការដ្ឋាននៃ គ.ជ.ដ.អ. នឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូនានា ក្នុងការជំរុញការអនុវត្តច្បាប់នេះ ដើម្បីឈានទៅសម្រេច ទិសដៅ “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ” និង “មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” ក៏ដូចជា ចក្ខុវិស័យរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហ ប្រជាជាតិ (UN) ជាពិសេសគឺក្របខ័ណ្ឌផែនការសកម្មភាពថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន៕

ដោយ ៖ សិលា


ចែករំលែក៖