អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកលាងយូមីងបានជួបលោកស៊ីជីនពីងម្តងទៀត នៅ ៥ ខែក្រោយមក។ នៅពេល លោកស៊ីជីនភីងត្រឡប់មកវិញ មុខរបស់លោកប្រឡាក់ដោយធ្យូងថ្ម ហើយសម្បុរឡើងខ្មៅ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកស៊ីជីនភីងបានបង្ហាញពីគំនិតរបស់ខ្លួនថា “នឹងចាក់ឫសនៅជនបទអស់មួយជីវិត!” ។ លោកបានផ្តាច់ដំណើរត្រឡប់ទៅវិញ ដោយនិយាយថា “នឹងមិនត្រឡប់ទៅទីក្រុងប៉េកាំងវិញទៀតទេ” ។
ពីអសកម្មទៅជាសកម្ម អ្នកផងទាំងពួងបានឃើញស៊ីជីនភីងដែលប្លែកគ្នាខុសកាលមុន។
តាមពិត លោកស៊ីជីនភីងត្រូវបានគេបញ្ជូនពីទីក្រុងប៉េកាំង ទៅដល់ភ្នំតាហាំង ហើយលោកបានវិលត្រឡប់ទៅភូមិលាំងជាហឺវិញ បន្ទាប់ពីស្តាប់ការនិយាយបញ្ចុះបញ្ចូលរបស់លោកវៃចឹនវូដែលជាលោកពូ (ឈ្មោះមួយទៀតគឺ វៃចៀន) និងម្តាយមីងឈីយុន។ លោកវៃចឹនវូ ធ្លាប់ជានិស្សិតនៃសាកលវិទ្យាល័យឦសាន។ លោកបានប្រាប់លោកស៊ីជីនភីង អំពីរឿងដែលពួកគាត់ជា យុវជនស្នេហាជាតិប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដើម្បីជួយសង្គ្រោះជាតិបានយ៉ាងដូចម្ដេច និងតស៊ូធ្វើដំណើរប្រយុទ្ធទៅកាន់ភ្នំតាយហាំងបានយ៉ាងដូចម្ដេច បន្ទាប់ពីចលនា “ថ្ងៃ ៩ ធ្នូ” ឆ្នាំ ១៩៣៥។ ក្នុងសៀវភៅក្រោមចំណងជើងថា «ខ្ញុំជា បុត្រានៃដីលឿង» លោកស៊ីជីនភីងបានសរសេរដូចនេះថា “លោកពូបាននិយាយថា យើងទាំងអស់គ្នាសុទ្ធតែខិតខំស្វែងរកឱកាសដើម្បីចូលទៅក្នុងមហាជននៅពេលនោះ ។ ឥឡូវនេះបើយើងមិនពឹងមហាជន តើឱ្យទៅពឹងអ្នកណាវិញ? ប្រាកដជាត្រូវពឹងលើមហាជនហើយ” ។
គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ក្រោយពីឮពាក្យសម្តីរបស់លោកពូនិងម្តាយមីង លោកស៊ីជីនភីងបានគិតពិចារណាឡើងវិញពីការរស់នៅរបស់ខ្លួននៅភូមិលាំងជាហឺ ថា “នៅពេលដែលខ្ញុំរស់នៅជនបទ ខ្ញុំនៅក្មេង ហើយត្រូវបានគេបង្ខំឱ្យទៅជនបទ ដូចនេះ ខ្ញុំគ្មានទស្សនៈវែងឆ្ងាយទេ ហើយក៏មិនបានយកចិត្តទុកដាក់លើបញ្ហាសាមគ្គីភាពដែរ។ អ្នកផ្សេងទៀតនាំគ្នាទៅធ្វើពលកម្មលើភ្នំជារៀងរាល់ថ្ងៃ តែខ្ញុំបែរជាមិនសូវឧស្សាហ៍ព្យាយាម ហេតុនេះហើយបានជាអ្នកស្រុកក៏មិនដែលគិតខ្ញុំក្នុងផ្លូវល្អដែរ” ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ សាមគ្គីភាព ដែលលោកស៊ីជីនភីងបាននិយាយនោះ គឺបានមកពីដំបូន្មានរបស់លោកស៊ីចុងសួន ឪពុករបស់លោក។ លោកស៊ីចុងសួនបានចូលរួមការងារមហាជន អស់រយៈពេលជាយូរ នៅពេលដែលលោកបង្កើតមូលដ្ឋានបដិវត្តន៍ស្រាន់ស៊ី-កានស៊ូ។ នៅពេលដែលកងទ័ពក្រហមកណ្តាលធ្វើដំណើរចម្ងាយទៅដល់ភាគខាងជើងខេត្តស្រាន់ស៊ី លោកស៊ីចុងសួនគឺជាប្រធាននៃរដ្ឋាភិបាលសូវៀតនៅតាមព្រំដែនស្រាន់ស៊ីនិងកានស៊ូ នៅកាលនោះ។ លោកម៉ៅសេទុង បានឃើញឈ្មោះរបស់លោកស៊ីចុងសួននៅលើសេចក្តីជូនដំណឹងមួយដែល គេបិតនៅតាមផ្លូវ។
ភាគខាងជើងស្រាន់ស៊ីក្រោយមក បានក្លាយជាមូលដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងការដើរក្បួនយ៉ាងវែងនៃកងទ័ពក្រហម។ នៅលើទឹកដីនេះ លោកម៉ៅសេទុង និងសមមិត្តបានរកឃើញយុទ្ធសាស្រ្ត និងផែនការនៃការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដើម្បីសង្គ្រោះជាតិ និងបានបង្កើតរណសិរ្សបង្រួបបង្រួមជាតិប្រឆាំងការឈ្លានពានរបស់ជប៉ុន។ ចាប់តាំងពី ពេលនោះមក បដិវត្តន៍ចិនបានឈានចូលដំណាក់កាលមួយថ្មី។
ឥឡូវនេះ លោកស៊ីជីនពីងក៏បានរកឃើញអាវុធវេទមន្តផងដែរ គឺ”ទស្សនៈសាមគ្គីភាព” ។
លោកស៊ីជីនភីងបាននិយាយថា “ឪពុកខ្ញុំតែងតែបង្រៀនខ្ញុំពីការរួមសាមគ្គី ហើយសំណូមពរឱ្យពួកយើងសាមគ្គីគ្នា និងត្រូវចេះសាមគ្គីជាមួយអ្នកដទៃតាំងពីក្មេងៗមកម្ល៉េះ។ សុភាសិតចិននិយាយថា បើខ្លួនឯងមិនចង់ធ្វើ នោះក៏មិនគួរបង្ខំអ្នកដទៃធ្វើដែរ ផ្តល់ភាពងាយស្រួលដល់អ្នកដទៃ គឹស្មើនឹងការផ្តល់ភាពងាយស្រួលដល់ខ្លួនឯង ពោលគឺ ពេលធ្វើអ្វី កុំគ្រាន់តែនឹកគិតថាខ្លួនសុខចិត្តធ្វើឬអត់ នៅត្រូវនឹកគិតពិចារណាថា តើអ្នកផ្សេងទៀតសុខចិត្តធ្វើឬអត់ ពីព្រោះយើងរស់នៅជាមួយមហាជន បើទុកខ្លួនឯងសំខាន់បំផុតក្នុងរឿងទាំងអស់ នោះគឺមិនកើតទេ។
លោកស៊ីជីនភីងជឿជាក់ថា ដីលឿងដែលបានចិញ្ចឹមបីបាច់ឪពុកម្តាយរបស់លោក មុខជានឹងទទួលយកលោកដោយចិត្តទូលាយជាក់ជាពុំខាន។
ជាមួយនឹងទស្សនៈសាមគ្គីភាពបែបនេះ លោកស៊ីជីនភីងបានចាប់ផ្តើមរួមបញ្ចូលខ្លួន ទៅក្នុងមហាជននិងទីជនបទ។ ដោយសារតែទស្សនៈសាមគ្គីភាពនេះហើយ ទើបគំនិត ចាក់ឫសនៅក្នុងមហាជន និងរួមសាមគ្គីមហាជនរបស់លោក បានកកើតឡើងបន្តិចម្ដងៗ។ “សមត្ថភាពសាមគ្គីមនុស្ស” បានក្លាយជាបែបបទដឹកនាំប្លែកពីគេមួយរបស់លោក ៕
ដោយ ៖ សិលា