ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយស្តីពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី អាករសម្រាប់បំភ្លឺសាធារណៈ និងការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (e-Filing) ដល់សហគ្រាសផលិត នាំចូល និងចែកចាយបន្តផលិតផលស្រា ស្រាបៀ និងបារី

ចែករំលែក៖

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី អាករសម្រាប់បំភ្លឺសាធារណៈ និងការ ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(e-Filing) នៅសណ្ឋាគារ Fairfield By Marriot កាលពីម្សិលមិញនេះ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក ជ័យ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ តូចនិងមធ្យម តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក លោកស្រីប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពន្ធដារ ពាក់ព័ន្ធ ព្រមទាំងម្ចាស់ និងតំណាងសហគ្រាសផលិត នាំចូល និងចែកចាយបន្តផលិតផលស្រា ស្រាបៀរ និងបារី ចូលរួម ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សរុបចំនួន ២២៨នាក់។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតអគ្គនាយករង បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញាទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ នៅក្នុងសុន្ទរកថាបើក លោកបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាទាំងមូលថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទនេះមិនមែន ធ្វើឡើងជាលើកទីមួយនោះទេ ប៉ុន្តែគឺត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីបន្តរំលឹក ណែនាំ និងជំរុញម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយបន្តបារី ឱ្យអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករលើផលិតផលបារីរបស់ខ្លួនឱ្យបានត្រឹមត្រូវមុនដាក់លក់នៅ លើទីផ្សារ និងត្រូវបង់ពន្ធអាករឱ្យបានគ្រប់ចំនួន ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ឬទទួលរងទណ្ឌកម្មរដ្ឋបាលផ្សេងៗ ព្រោះថាបារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ គឺជាបារីខុសច្បាប់ ដែលនឹងត្រូវរឹបអូស ឬបំផ្លាញចោល នៅក្នុងយុទ្ធនាការ ចុះចាត់វិធានការតឹងរ៉ឹងរបស់ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលខាងមុខ។

ដោយឡែក ចំពោះអាករសម្រាប់បំភ្លឺសាធារណៈ លោកបណ្ឌិត អគ្គនាយករង បានបញ្ជាក់ថា ក្រៅពីមានកាតព្វកិច្ចបិទតែមប្រិ៍អាករ ផលិតផលបារី ក៏ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ និងពន្ធអាករដទៃដូចផលិតផលស្រា និងស្រាបៀរផងដែរ។ មុនខែមេសា ឆ្នាំ២០២៤ អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវកំណត់ តាមអត្រា ៣% នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់ផលិតផលបារី ស្រា និងស្រាបៀរទាំងនាំចូល និងផលិតក្នុងស្រុក ប៉ុន្តែដោយ ពិនិត្យឃើញថា ការកំណត់វិធាននៃការប្រមូលអាករនៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់ ជាបន្ទុករដ្ឋបាលទាំងអ្នកជាប់ពន្ធ និង រដ្ឋបាលសារពើពន្ធ ព្រមទាំងមានសំណូមពរពីវិស័យឯកជន ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលនីតិវិធីនៃការប្រមូល អាករនេះ មកត្រឹមតែម្តងគត់គឺនៅពេលផ្គត់ផ្គង់ក្នុងស្រុកក្រោយពេលនាំចូល ឬផលិត ដោយកំណត់យកអត្រា ៥% ដែលចាប់ផ្តើម អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ តាមរយៈអនុក្រឹត្យលេខ២៨៦ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងប្រកាសលេខ ១៦៨ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីអាករសម្រាប់បំភ្លឺសាធារណៈ។

ជាមួយគ្នានេះ លោកបណ្ឌិត អគ្គនាយករងក៏បានបញ្ជាក់បន្ថែមថា ដើម្បីសម្រួលដល់ការប្រកាសបង់អាករសម្រាប់បំភ្លឺសាធារណៈនេះ ក៏ដូចជាពន្ធអាករ ដទៃទៀត អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដែល អ្នកជាប់ពន្ធអាចដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដោយមិនចាំបាច់មកដាក់លិខិតប្រកាសដោយផ្ទាល់នៅរដ្ឋបាល សារពើពន្ធ។ ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារនេះ បានជួយកាត់បន្ថយពេលវេលា ថវិកា និងចំណាយផ្សេងៗទៀតដែលមិនចាំបាច់ របស់អ្នកជាប់ពន្ធ ដែលជាផ្នែកមួយនៃការផ្តល់សេវាល្អសំដៅពង្រឹងអភិបាលកិច្ចល្អរបស់អគ្គនាយកដ្ឋានពន្ធដារ។ ឆ្លៀតក្នុងឱកាស នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានណែនាំនិងជំរុញម្ចាស់ និងតំណាងសហគ្រាសដែលចូលរួមក្នុងសិក្ខាសាលា ឱ្យចូលរួម បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចៀសវាងទទួលរង នូវទណ្ឌកម្មរដ្ឋបាល និងទោសទណ្ឌនានាពីការគេចវេះពន្ធ ព្រមទាំងបានលើកឡើងថា វប្បធម៌នៃការបង់ពន្ធត្រឹមត្រូវ និងតម្លាភាព របស់អ្នកជាប់ពន្ធនឹងបង្កបរិយាកាសធុរកិច្ចល្អ និងស្មើភាពសម្រាប់វិនិយោគិន ជាពិសេសបង្កើនបរិយាកាសការងារល្អរវាង អ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារ។

អង្គសិក្ខាសាលានាថ្ងៃនេះផ្តោតសំខាន់លើប្រធានបទចំនួនបី ដែលមានការចូលរួមធ្វើបទបង្ហាញ និងពន្យល់បកស្រាយយ៉ាងក្បោះក្បាយដោយវាគ្មិនពីនាយកដ្ឋានពាក់ព័ន្ធ ដោយក្នុងនោះមាន៖

បទបង្ហាញស្តីពី “កាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី” ដោយលោក ម៉ឹង សុខឡៅ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បទបង្ហាញស្តីពី “អាករសម្រាប់បំភ្លឺសាធារណៈ” ដោយលោក ប៉ុក បូរក្សី អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងបទបង្ហាញស្តីពី “ការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ(e-Filing)” ដោយលោក ស៊ីវ ស៊ុនហួច អនុប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញលើប្រធានបទទាំងបីខាងលើ អង្គសិក្ខាសាលា ក៏មានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដែល មានការចូលរួមពីលោកបណ្ឌិត អេង រតនា និងវាគ្មិនទាំង៣រូប ដោយបានផ្តល់ឱកាសឱ្យម្ចាស់និងតំណាងសហគ្រាស ក៏ដូចជា សិក្ខាកាមទាំងអស់ដែលបានចូលរួម លើកជាសំណួរនានាពាក់ព័ន្ធនឹងប្រធានបទទាំងបីនេះ ឬក៏ចម្ងល់ផ្សេងៗទៀតទាក់ទងនឹង ពន្ធដារ។ ក្រោយមានការលើកជាសំណួរផ្សេងៗពីសិក្ខាកាម ដែលជាអ្នកជាប់ពន្ធ លោកបណ្ឌិត និងវាគ្មិន បានបកស្រាយបំភ្លឺ យ៉ាងក្បោះក្បាយដែលធ្វើឱ្យម្ចាស់សំណួរអស់ចម្ងល់ និងទទួលបានការសាទរពីអ្នកចូលរួមទាំងអស់គ្នា។

ក្នុងសុន្ទរកថាបិទអង្គសិក្ខាសាលា លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានលើកឡើងថា ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយនេះ សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់អំពីកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី របៀបគណនាអាករសម្រាប់បំភ្លឺសាធារណៈ និងរបៀបដាក់លិខិតប្រកាសពន្ធតាមអនឡាញ។ ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានណែនាំដល់តំណាងសហគ្រាសដែលមកចូលរួមសិក្ខាសាលានេះ ត្រូវរាយការណ៍ និងពន្យល់ដល់ម្ចាស់សហគ្រាសអំពី កាតព្វកិច្ចសារពើពន្ធ និងចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សហគ្រាសទាំងនោះចូលរួម បំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ជាកិច្ចបញ្ចប់ លោកបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសលោក លោកស្រី នាងកញ្ញា ជាម្ចាស់ និងតំណាងសហគ្រាស ដែលបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ព្រមទាំង ប្រសិទ្ធពរឱ្យជួបតែវិបុលសុខ និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ដោយទទួលបានលទ្ធផលល្អប្រកបដោយ ស្មារតីកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានការកោតសរសើរពីអ្នកចូលរួមផងដែរ៕ដោយ៖តារា


ចែករំលែក៖