ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះសិរនៃបដិមាព្រះលោកេស្វរៈ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយដងខ្លួន ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម 

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ព្រះសិរនៃបដិមាព្រះលោកេស្វរៈ ដែលបានប្រគល់មកវិញនេះ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គ ដែលស្ថិតនៅឯសារៈមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្រ្គាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បដិមាព្រះលោកេស្វរៈនេះ សាងឡើងពីសំរឹទ្ធិក្នុងសម័យអង្គរនាសតវត្សទី១០ នៃគ្រិស្តសករាជ ដែលដងខ្លួនព្រះអង្គត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញនៅក្នុងស្ទឹង ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបានយកមករក្សាទុកនៅសារៈមន្ទីរជាតិភ្នំពេញនៅឆ្នាំ១៩៣៥។ ចំណែកព្រះសិរនៃបដិមាព្រះលោកេស្វរៈ ត្រូវបានគេប្រទះឃើញដាក់តាំងលក់នៅទីក្រុងឡុងដ៏នៅឆ្នាំ១៩៩៨ ហើយត្រូវបានអ្នកប្រមូលសមុច្ច័យឯកជនម្នាក់ បានទិញនិងធ្វើអំណោយទៅសារៈមន្ទីរ Metropolitan Museum of Art នៃទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ ដោយមានកិច្ចសហការជាមួយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ក្នុងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សារៈមន្ទីរ Metropolitan Museum of Art បានសម្រេចប្រគល់រូបបដិមាជូនមកកម្ពុជាវិញ ជាមួយនឹងវត្ថុបុរាណខ្មែរចំនួន ១៣រូបទៀត ដែលបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល២៨ឆ្នាំ ពោលបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព គឺមានវត្ថុសិល្បៈបុរាណខ្មែរចំនួន ១,០៩៨វត្ថុ (ក្នុងនោះ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ វប្បធម៌តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតក្នុងការលើកស្ទួុយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យកាន់តែលេចធ្លោ ខ្ពស់ត្រដែតលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជា មួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៕

ដោយ ៖ សិលា

 


ចែករំលែក៖