ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងចំនួន ៣នាក់និងបក្ខពួក

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៧០ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុម ក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៦នាក់ ដែលបានធ្វើសកម្មភាពយកកាំបិតកែច្នៃចំនួន ០១ដើម កាប់ទៅលើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានគេចខ្លួនអស់ ទើបក្រុមជនសង្ស័យបានកាប់ទៅលើម៉ូតូ ជនរងគ្រោះ ចំនួនប្រហែល ០៤កាំបិត ត្រូវចំចំណុចផ្នែកក្បាលម៉ូតូ កុងទ័រម៉ូតូ និងកញ្ចក់ខាងស្តាំ បណ្តាល ឱ្យខូចខាតទាំងស្រុង ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ រីឯជនសង្ស័យចំនួន ០៣នាក់ទៀត បានរត់គេចខ្លួនបាត់ ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើចោទប្រកាន់លើជនសង្ស័យចំនួន ០៣នាក់ (ឃាត់ខ្លួន) និង បក្ខពួក ពីបទ ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតកែច្នៃ) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤១១ និងមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៧៦៦ អយក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា


ចែករំលែក៖