ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យទាំង០៧នាក់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន សរុបជាង១គីឡូក្រាមនៅក្រុងបាវិត។
នគរបាលខេត្តស្វាយរៀង បានអោយដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ទើបលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលដឹកនាំប្រតិបត្តិការ បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់គ្រឿងញៀននេះ មានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៧នាក់ ស្រី០១នាក់។
ប្រភពបានបន្តថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានដកហូតសម្ភារ:វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៨២,៥១ក្រាមថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៩៤,៤៤ក្រាមថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់៣៤៥,០៧ក្រាម សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២,០២ក្រាម(១គីឡូ២២២,០២ក្រាម)អាយផេត ០១ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ០៥គ្រឿង ទូរសព្ទ័ដៃ ១៤គ្រឿង ម៉ូតូ ០៥ គ្រឿង លិខិតឆ្លងដែន៦ក្បាលព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។