ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនប្រកាសថា យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ÷”គណនី TikTok ដែលពាក់ព័ន្ធនឹងការផ្សព្វ ផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលក្លែង ក្លាយ”។ នេះជាការបញ្ជាក់របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

គណនី TikTok ខាងលើនេះបានផ្សព្វ ផ្សាយវីដេអូជាភាសាចិន ដោយបានប្រឌិតព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់កងយោធពលខេមរភូមិន្ទមួយចំនួនទៀត បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ករណីនេះ ក្រសួងការពារជាតិ នៃកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធយ៉ាងដាច់អហង្ការផងដែរ ដោយចាត់ទុកថាការផ្សាយនេះជាចេតនាដ៏អាក្រក់ និងបង្ករចលាចលនៅក្នុងសង្គមកម្ពុជា៕


ចែករំលែក៖