ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ, លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងដោយមានការចូលរួមពីមន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ រួមមាន ស្នងការនគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន ១៥០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល និងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

ដោយ ៖ សិលា


ចែករំលែក៖