ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតចំនួន ១ករណី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៣៨ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន០៨នាក់ មាន៖ ១.ឈ្មោះ ហ៊ឹម ធានសុង ហៅគង្គា ភេទប្រុស អាយុ១៥ឆ្នាំ, ២.ឈ្មោះ អ៊ឹម បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ ឡុម ចាន់ធា ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ យ៉ុម គីមហាក់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ ឆែម រ៉ាយុត ភេទប្រុស អាយុ១៦ឆ្នាំ, ៦.ឈ្មោះ ម៉ាច លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ, ៧.ឈ្មោះ ប្រុញ សុខណេង ភេទប្រុស អាយុ១៦ឆ្នាំ, និង៨.ឈ្មោះ នឿន ហេងលី ហៅឡេង ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ ចំណុចដីឡូតិ៍លក់ថ្ម ស្ថិតនៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ ដោយដកហូតបានកាំបិតផ្គាក់ដងឫស្សីចំនួន២ដើម។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមបញ្ជាក់ថា ជនត្រូវចោទទាំង០៨នាក់ ត្រូវបានប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរាយការណ៍ថា បានប្រមូលផ្តុំគ្នាបង្កើតជាការរំខាន និងបង្កជាការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយក្រុមជនត្រូវចោទបានជិះម៉ូតូនៅពេលយប់ជ្រៅដោយមិនមានទិសដៅ និងគោលបំណងច្បាស់លាស់ ហើយ មានកាន់កាប់កាំបិតផ្គាក់នៅជាប់នឹងខ្លួន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង០៨នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធីច្បាប់។

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕ដោយ៖តារា


ចែករំលែក៖