ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតឈានមុខគេនៅចក្រភពអង់គ្លេស ព្រមានអំពី “ការរីករាលដាលនៃបារីអេឡិចត្រូនិក”

ចែករំលែក៖

វេជ្ជបណ្ឌិតឈានមុខគេក្នុងចក្រភពអង់គ្លេសបានជំរុញឱ្យរដ្ឋាភិបាលអនុម័តច្បាប់ដើម្បីដោះស្រាយ “ការរីករាលដាលនៃបារីអេឡិចត្រូនិក” ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង ដោយហាមប្រាមបារីអេឡិចត្រូនិកដែលអាចចោលបាន និងគ្រប់រសជាតិ លើកលែងតែរសជាតិថ្នាំជក់បែបប្រពៃណី។
ការអំពាវនាវនេះកើតឡើងក្នុងពេលដំណាលគ្នាដែលសមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) បានចេញផ្សាយរបាយការណ៍ដែលខ្លួនជឿថាជា “ប្លង់មេ” សម្រាប់សកម្មភាពចាំបាច់” ។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលមុនដែលដឹកនាំដោយគណបក្សអភិរក្សបានប្រកាសផែនការដើម្បីបញ្ឈប់ការជក់បារី រួមជាមួយនឹងការហាមឃាត់លើបារីអេឡិចត្រូនិកដែលអាចចោលបាន ក៏ដូចជាការរឹតបន្តឹងលើរសជាតិ និងការវេចខ្ចប់នៃផលិតផលទាំងនេះ។ រដ្ឋាភិបាលថ្មីដែលបានចូលមកក្នុងខែមុនដែលដឹកនាំដោយគណបក្សការងារបានធ្វើសេចក្តីព្រាងច្បាប់នេះឡើងវិញ ប៉ុន្តែមិនទាន់មានសេចក្តីលម្អិតអំពីវិធីសាស្ត្រជាក់លាក់នៅឡើយទេ។
របាយការណ៍របស់ BMA កត់សម្គាល់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់បានកើនឡើងជិត 6 ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ របាយការណ៍អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់និន្នាការនេះ។ នៅក្នុងការអត្ថាធិប្បាយអមជាមួយរបាយការណ៍នេះ សាស្ត្រាចារ្យ David Strain ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់ BMA បាននិយាយថា “ការរីករាលដាលនៃបារីអេឡិចត្រូនិក” កំពុងតែផ្ទុះឡើង។ លោកបានកត់សម្គាល់ថា មនុស្សពេញវ័យ 1 នាក់ក្នុងចំណោម 10 នាក់ជក់បារី ហើយបាននិយាយថា ការកើនឡើង 6 ដងនៃចំនួនមនុស្សដែលមានអាយុចន្លោះពី 11 ទៅ 17 ឆ្នាំដែលជក់បារីអេឡិចត្រូនិកគឺកាន់តែគួរឱ្យព្រួយបារម្ភ។ ទោះបីជាលោកយល់អំពីតួនាទីរបស់បារីអេឡិចត្រូនិកក្នុងការជួយបញ្ឈប់ការជក់បារីក៏ដោយ ក៏លោកបានបញ្ជាក់ថា មិនមានហេតុផលត្រឹមត្រូវដែលកុមារ និងក្មេងជំទង់ត្រូវប៉ះពាល់ និងប្រើប្រាស់បារីអេឡិចត្រូនិកនោះទេ។ យោងតាមវេជ្ជបណ្ឌិតនេះ វាច្បាស់ណាស់ថា ឧស្សាហកម្មបារីអេឡិកត្រូនិកកំណត់គោលដៅកុមារជាអតិថិជននៅពេលរចនាផលិតផលដែលមានពណ៌ទាក់ទាញ រសជាតិទាក់ទាញ និងដាក់ឈ្មោះម៉ាកដែលទាក់ទាញការចាប់អារម្មណ៍ជាក្រុម ដើម្បីផ្សព្វផ្សាយផលិតផលដែលអាចនាំឱ្យមានការញៀនជាតិនីកូទីន គ្រោះថ្នាក់ដែលអាចកើតមានផ្សេងទៀតដែលមិនគួរកើតឡើង។
របាយការណ៍ក៏បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលបង្កើនយុទ្ធនាការយល់ដឹងអំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិច ដើម្បីកាត់បន្ថយការទាក់ទាញនៃផលិតផលទាំងនេះ ជាពិសេសក្នុងចំណោមយុវវ័យ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Flickr


ចែករំលែក៖