ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ពិធីបើកការដ្ឋាន ផ្លូវដីក្រាលថ្មបំបែកដែលមានប្រវែង១២,៣៨០ម៉ែត្រ គម្រោងមូលនិធិឃុំឆ្នាំ២០២៤ ឆ្លងកាត់៧ភូមិ នៅឃុំអង្គប្រស្រៃ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន ផ្លូវដីក្រាលថ្មបំបែកដែលមានប្រវែង១២,៣៨០ម៉ែត្រ ឆ្លងកាត់៧ភូមិដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៤ និងផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាព ទាំង៧ចំណុច នៅឃុំអង្គប្រស្រៃ ស្រុករមាសហែក។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកអធិការរងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងស្រុក លោក ប្រធានការិយាល័យគាំទ្រឃុំ លោកមេឃុំលោកស្មៀនឃុំ លោក មេប៉ុស្តិ៍បងប្អូនប្រជាពលរដ្ឋនិងប្រជាការពារ សរុបជិត២០០នាក់។

លោក ស៊ូ ម៉ុល អភិបាលស្រុក បានមានប្រសាសន៍ថា នេះជាចំណងដៃថ្មី ជូនប្រជាពលរដ្ឋនៅ ក្នុងឃុំអង្គប្រស្រែ ដើម្បីឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ ហើយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយ យថាហេតុណាមួយ។

លោកស៊ូ ម៉ុល បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកនៅពេលពិបាក និងបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកក៏ដូចជា លោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង ដែលតែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវ ទឹក ភ្លើង ដល់ទីនោះ។

លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសរសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចម្រើន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានលើកឡើង ពីគោលបំណងសំខាន់នៃការបើកវេទិការសាធារណៈនិងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេស ក៏ផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ ប្រជាពលរដ្ឋដែលបានលើកឡើង។

ក្នុងឱកាសនោះ លោក អភិបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនិងប្រជាការពារភូមិ ក៏បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន៕

ដោយ៖ សុថាន


ចែករំលែក៖