ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ ក្រសួង សាធារណការ ៖ ជាថ្មីម្តងទៀត ជូនបណ្តាញសារព័ត៌មាន និងសាធារណជនជ្រាប ស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និង ជា អនុរដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ជាថ្មីម្តងទៀត ជូនបណ្តាញសារព័ត៌មាន និងសាធារណជនជ្រាប ស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ។ 

ជាក់ស្ដែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថានាពេលកន្លងមកមានរថយន្តមួយចំនួន បានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ជាពិសេសកាលពីពេល ថ្មីៗនេះមានរថយន្តចំនួន ០៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជី ត្រឹមត្រូវនៅក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបានបង្ហោះចែកចាយព័ត៌មាននៅលើបណ្តាញសង្គម រួមមានផ្លាកលេខ កម្ពុជា RS.1994 កម្ពុជា HEANGRAK និង កម្ពុជា 1.KU.SON។ ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម ជាពិសេសប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិទាំងមូល។

យោងតាមមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ បានកំណត់ថា «ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់ យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារ ឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦៣០ (បទប្រើប្រាស់ឯកសារសាធារណៈក្លែង) នៃក្រមព្រហ្មទណ្ឌ។ ចំពោះ អ្នកក្លែងបន្លំបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗ ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។»

ក្នុងន័យទប់ស្កាត់ករណីបែបនេះកើតមានជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរ យានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យ បាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើ យានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងក៏បាននិងកំពុងរៀបចំបំពាក់ បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សា ស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គមផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់កម្មសិទ្ធិ និងអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ តារា


ចែករំលែក៖