ខេត្តសៀមរាប៖ បុរសជនជាតិវៀតណាមម្នាក់ បានលង់ទឹកស្លាប់នៅស្ពានអាងក្រពើក្នុងស្ទឹងសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកធ្វើដំណើរតាមដងផ្លូវក្នុងក្រុងសៀមរាប ខណៈដែលជនរងគ្រោះបានបាត់ពីផ្ទះរយៈពេល២ថ្ងៃ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅស្ទឹងសៀមរាបក្បែរម្តុំស្ពានអាងក្រពើ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់បានប្រាប់ថា គាត់បានក្រឡេកឃើញមានសាកសពអណ្តែតទឹកមានសភាពហើមនៅក្នុងស្ទឹង ក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះមកចោមរោមមើលផងដែរ តែពុំមានអ្នកណាស្គាល់អត្តសញ្ញាណបុរសនេះទេ ក្រោយមកមិនបានប៉ុន្មាននាទីផង ក៏ឃើញសមត្ថកិច្ចនគរបាលមកដល់ភា្លមៗ រួចស្រង់សពឡើងមកលើតែម្តង។
បើតាមការរៀបរាប់របស់ឪពុកមា្ដយសាកសពគឺ ឪពុកឈ្មោះ វេ អាយុ៤២ឆ្នាំ និងម្ដាយឈ្មោះ ខា អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម បានប្រាប់សមត្ថកិច្ចនគរបាលយើងថា កូនរបស់គាត់បាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ហើយគាត់បានដើររកដែរ តែរកមិនឃើញ លុះដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ទើបទទួលបានដំណឹងថា ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនៅម្តុំស្ពានអាងក្រពើ ពេលនោះ គាត់ក៏បាននាំក្រុមគ្រួសារមកមើលទើបដឹងថា ជាកូនរបស់គាត់ មានឈ្មោះ ចំរើនភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់ស្នាក់នៅបន្ទប់ជួលជាមួយឪពុកម្ដាយ ក្នុងភូមិវិហាចិន សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាបសពជនរងគ្រោះ ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់សាលាកំរើកចុះទៅដល់កន្លែងកើតហេតុបានប្រាប់ថា បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្សលង់ទឹកស្លាប់ កម្លាំងមូលដ្ឋានក៏បានសហការជាមួយ កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរ បាលខេត្ត បានចុះ ពិនិត្យសាកសពមានស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងឆ្នូតខ្មៅលាយសនៅក្នុងនោះសមត្ថកិច្ចនគរបាលយើងបានឆែកឆេររកឃើញមានទូរស័ព្ទដៃ០១គ្រឿងនិងនាឡិកាដៃ០១គ្រឿង ហើយបានសន្និដ្ឋានជាជំហានដំបូងថា សពអាចលង់ទឹកស្លាប់ពីព្រោះប្រអប់ដៃក្ដាប់ទាំងសងខាងនិងនៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលអាចឱ្យសមត្ថកិច្ចនគរបាលយើងសន្និដ្ឋានថាជាករណីឃាតកម្មនោះទេ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅបូជានៅឈាបនដ្ឋានក្នុងវត្តដំណាក់ ដើម្បីយកឆ្អឹងទៅទុកទៅផ្ទះ ៕ ប៊ុន រិទ្ធី