ខេត្តបន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បានធ្វើការបង្ហាញមុខសញ្ញាជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនិងលួចនាំរថយន្តចង្កូតស្តាំ ពីប្រទេសថៃចូលមកប្រទេសកម្ពុជា ខុសច្បាប់ និងជាមុខសញ្ញាជួញដូរថ្នាំញៀន ក្រោយពីកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ការបង្រ្កាបជនសង្ស័យដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសា លាដំបូងខេត្ត សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានរថយន្តចង្កូតស្តាំចំនួន២គ្រឿង កាំភ្លើងខ្លីចំនួន២ដើម ថ្នាំញៀនមេតំហ្វេតាមីនWY ១១៨៥គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក២ថង់តូចស្មើនិង៤.១៣ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ប្រាក់ខ្មែរ៣០ម៉ឺនរៀល ប្រាក់អាមេរិច៧២០ដូល្លា ប្រាកថៃ ១៥,២៧០បាត ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍ប្រើប្រាស់ ថ្នាំញៀនមួយចំនួនធំផងដែរ។
ពាក់ព័ន្ធនិងការបង្រ្កាបឃាត់ខ្លួនជនសង្ស័យលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សូរ សុជាតិ ភេទ ប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ជននេះ គឺជាមុខសញ្ញា ធ្វើសកម្មភាពលួចនាំរថយន្តចង្កូតស្តាំពីប្រទេសថៃនាំឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា និងជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងមូលដ្ឋាននិងថែមជួញដូរគ្រឿងញៀនឆ្លងដែនចូលទៅប្ទេសថៃផងដែរ។កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យក្រោយ ពីមានការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនទើបឈានដល់ការបង្រ្កាបជនសង្ស័យនោះបានខណៈដែលជនសង្ស័យនាំរថយន្តចេញពីប្រទេសថៃ ហើយនាំទៅឆែកឆេរក្នុងផ្ទះ ជនសង្ស័យឃើញមានលាក់ទុកកាំភ្លើងខ្លី២ដើម និងថ្នាំញៀនជាច្រើនថែមទៀតផងដែរ។
លោកឧត្តមសេនីយ៍ស្នងការរងបា្រប់ឱ្យដឹងទៀតថា ជនសង្ស័យក៨បានឆ្លើយសារភាព ពីសកម្មភាពរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់នោះហើយ កាំភ្លើងខ្លី២ដើមគេទិញនិងទទួលបញ្ចាំពីជនជាតិថៃរកស៊ីជាមួយគ្នា។
ជនសង្ស័យប្រឈមនិងរងការចោទប្រកាន់ចំនួន៣បទល្មើស ទី១, បទល្មើសនាំរថយន្ត ឆ្លងដែនខុសច្បាប់ ទី២,រក្សាទុកអាវុធខុសច្បាប់ និងទី៣,ការជួញគ្រឿងញៀនខុសច្បាប់។
ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា